សល់តែកេរ្តិ៍ឈ្មោះ! តារាកំប្លែង ព្រឹទ្ធាចារ្យ និង ពិធីករកីឡាល្បីល្បាញ ៣ រូប បានលាអ្នកគាំទ្របន្សល់តែក្ដីអាល័យ
នៅប្រមាណជាជាង ២ ខែចុងក្រោយនេះ ក្នុងសង្គមសិល្បៈរបស់កម្ពុជាយើង បានបាត់បង់សិល្បករដ៏មានទេពកោសល្យ ដែលជាធនធានមនុស្សដ៏កម្រជាបន្តបន្ទាប់ បន្សល់នូវក្ដីអាឡោះអាល័យ និង ភាពក្រៀមក្រំដល់ក្រុមគ្រួសារ សាច់ញាតិ បងប្អូន ជាពិសេសនោះ មិត្តភក្ដិធ្លាប់រួមចង្កោមសិល្បៈជាមួយគ្នា បានបង្ហាញការសោកស្ដាយនូវវត្តមានរៀមច្បង មិត្តភក្ដិ និង សិស្សប្អូនក្នុងវិស័យសិល្បៈទាំងអស់នោះរកទីបំផុតគ្មាន។
ជាការពិត គិតចាប់ពីដើមខែឧសភា ឆ្នាំ ២០២៤ មក មានព្រឹទ្ធាចារ្យ ពិធីករ និង តារាកំប្លែងសរុបចំនួន ៣ រូបហើយ ដែលបានទទួលមរណភាពចាកចោលគ្រួសារ និង មនុស្សជាទីស្រឡាញ់គ្មានថ្ងៃត្រលប់។
១. តារាកំប្លែងគីឡូធ្ងន់ នាយធុង បានមរណភាពនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤ ដោយរោគាពាធ នៅអាយុ ៣២ ឆ្នាំ។ ការឃ្លាតចោលពិភពលោករបស់តារាកំប្លែងរូបនេះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយហេតុថា តារាប្រុសរូបនេះ ទើបនឹងចេញវីដេអូសម្ដែងកំប្លែងសុខៗ បែរជាមានដំណឹងពីមរណភាពរបស់លោកទៅវិញ។
២. ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ បានទទួលមរណភាពថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នៅស្រុកកំណើតខេត្តកំពត ក្នុងជន្មាយុ ៨០ ឆ្នាំ។ ការបាត់បង់ព្រឹទ្ធាចារ្យចាប៉ីដងវែង ដែលជាមរតកមនុស្សរស់ដ៏ឆ្នើមនេះ បានបន្សល់នូវក្ដីសោកសង្រេងដល់សិល្បករ និង មហាជនគ្រប់ស្រទាប់។
៣. ពិធីករព័ត៌មានកីឡា លោក គន្ធ ជីវ័ន្ត បានលាក្រុមគ្រួសារ និង អ្នកគាំទ្រនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៤ ដោយរោគាពាធ នៅប្រទសថៃ។ លោក គន្ធ ជីវ័ន្ត គឺជាធនធានពិធីករកីឡាដ៏ល្បីល្បាញ និង ពោរពេញដោយទេពកោសល្យមួយរូបរបស់កម្ពុជា៕