អ្នកគាំទ្រប្រហោងពោះធ្លុង! លី តាវហួរ ដាក់អារម្មណ៍សម្ដែងពេក ប៊ិះធ្ល-ា/ក់ពីលើឆាកកម្ពស់ ៣ ម៉ែត្រ
មហាជននាំគ្នាស្រែកសឹងភ្លាត់សំឡេង ខណៈពេលដែលតារាចម្រៀង និងសម្ដែងហុងកុង Andy Lau (លី តាវហួរ) បានសម្ដែងរំអិលខ្លួនជ្រុល រហូតសឹងតែធ្លាក់ពីលើឆាកកម្ពស់ ៣ ម៉ែត្រ។
កាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ វីដេអូមួយនៃតារាប្រុស Andy Lau ធ្វើការប្រគំតន្ត្រីនៅក្រុងសៀងហៃ ប្រទេសចិន បានកំពុងផ្ទុះការចាប់អារម្មណ៍ពាសពេញបណ្ដាញសង្គម។ តាមវីដេអូបានបង្ហាញឱ្យឃើញថា ខណៈតារាប្រុសវ័យ ៦៣ ឆ្នាំរូបនេះ កំពុងតែច្រៀងបទ «Practice» របស់ខ្លួន លោកក៏បានរត់ ហើយអូសខ្លួនបង្ហាញក្ដីស្រឡាញ់ចំពោះគូស្នេហ៍ដែលនៅខាងក្រោម តែយ៉ាងណាការរំអិលអូសខ្លួនរបស់លោក ហាក់ជ្រុលជ្រួស សឹងតែធ្លាក់ចុះទៅក្រោមទៅហើយ ជាសំណាងលោកអាចទប់លំនឹងខ្លួនឯងជាប់។
ស្ថានភាពរបស់លោកនាពេលនោះ បានធ្វើឱ្យមហាជនដែលចូលរួមនាំគ្នាតក់ស្លុត និងស្រែកយ៉ាងខ្លាំង ខណៈអ្នកលេងតាមបណ្ដាញសង្គមចិន Weibo រាប់ពាន់នាក់ បង្ហាញការបារម្ភចំពោះលោកជាខ្លាំង ដោយអ្នកខ្លះបានសរសេរបញ្ចេញមតិថា៖ «បើភ្លាត់តែបន្តិច គាត់អាចនឹងធ្លាក់ចុះមកហើយ។ មើលវីដេអូនោះហើយ ធ្វើឱ្យខ្ញុំខ្លាច និង ខឹងក្នុងពេលតែមួយ។ សុវត្ថិភាពជាចម្បង»។ ដោយឡែក អ្នកខ្លះទៀតបានដាក់បន្ទោសទៅខាងអ្នករៀបចំ ថា៖ «ក្នុងនាមជាអ្នកគាំទ្រ Andy Lau ម្នាក់ ខ្ញុំមិនគាំទ្រឆាកសម្ដែងបែបនេះទេ អ្នករៀបចំធ្វើការមិនបានល្អសោះ ខ្ញុំពិតជាស្លុត ពេលមើលវីដេអូហើយ»។
ក្រោយមានការប្រតិកម្មពីអ្នកគាំទ្រយ៉ាងច្រើនសន្ធឹក តារាប្រុស Andy Lau ក៏បានឆ្លើយតបសុំទោសទៅអ្នកគាំទ្រថា៖ «ខ្ញុំសុំទោសសម្រាប់ការសម្ដែងដ៏គ្រោះថ្នាក់នេះ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយោគយល់។ ខ្ញុំនឹងមើលថែខ្លួនឯង និងមិនសម្ដែងឈុតឆាកដែលគ្រោះថ្នាក់បែបនេះទៀតឡើយ»។ គួរឱ្យដឹងថា Andy Lau គឺមិនរំពឹងថា ឆាកខាងលើនោះរអិលបែបនេះឡើយ ហើយពេលជួបហេតុការណ៍ជ្រុលជ្រួសពេលនោះ លោកក៏ភ័យខ្លាចដូចគ្នា៕ ទស្សនាវីដេអូនៅទីនេះ
ប្រភព៖ VN Express