ផ្លូវការហើយ! HyunA និង Yong Junhyung នឹងរៀបការជាមួយគ្នាមែន ក្នុងខែតុលាខាងមុខ
ក្រោយលេចឮព័ត៌មានថា តារាចម្រៀងស្រី HyunA និងតារាប្រុស Junhyung សម្រេចចិត្តរៀបការជាមួយគ្នា ឥលូវនេះ ខាងក្រុមហ៊ុនរបស់តារាស្រី HyunA បានចេញមកបញ្ជាក់ច្បាស់ៗហើយថា ដំណឹងលេចឮនោះ គឺជារឿងពិតប្រាកដមែន។
តាមការឆ្លើយតបពីខាងភ្នាក់ងារ AT AREA មកកាន់សារព័ត៌មាន Sports Chosun បានរៀបរាប់ថា៖ «HyunA បានសន្យាថានឹងរៀបការជាមួយ Yong Junhyung ព្រោះអ្នកទាំងពីរបានផ្ដល់ភាពកក់ក្ដៅឱ្យគ្នារាល់ពេលដែលពួកគេជួបបញ្ហាលំបាក។ ក្នុងខែតុលាខាងមុខ ពួកគេនឹងរៀបចំពិធិមង្គលការ ដោយមានការចូលរួមពីមិត្តជិតស្និទ្ធ ហើយនឹងចាប់ផ្ដើមបើកទំព័រថ្មីនៃជីវិតជាមួយគ្នា។ អរគុណអ្នករាល់គ្នា ដែលតែងតែគាំទ្រនាង ក្នុងនាមជាសិល្បករម្នាក់ និងក្នុងនាមជាមនុស្សម្នាក់ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងកក់ក្ដៅពីអ្នកទាំងអស់គ្នា។ យើងសុំឱ្យអ្នកទាំងអស់គ្នាជូរពរដល់ HyunA នៅថ្ងៃអនាគតរបស់នាង ដែលនាងបានសម្រេចចិត្តដ៏ធំក្នុងជីវិតរបស់ខ្លួន»។
គួររំឭកដែរថា កាលពីមុននេះបន្តិច ខាង YTN បានចេញផ្សាយថា HyunA និង Junhyung នឹងរៀបការជាមួយគ្នានៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ ខាងមុខ៕
ប្រភព៖ Koreaboo