បានធូរពីជំងឺមហារីក អ្នកនាង អេង វ៉ាណង រំឭករឿងមិនអាចបំភ្លេចបានមួយ ពេលតតាំងជំងឺដ៏កាចសាហា-/វនេះ
កាលពីជាងមួយឆ្នាំមុន មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាសិល្បករ សិល្បការិនីជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនៅសុខៗតារាសម្ដែង អ្នកនាង អេង វ៉ាណង បានបង្ហាញពីស្ថានភាពរបស់ខ្លួន ដែលកំពុងមានជំងឺមហារីក ដោយកាលនោះអ្នកនាងបានកោរសក់អស់ពីក្បាល ហើយកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯរូបរាងកាយ ក៏ប្រែជាស្គមស្គាំងគ្មានកម្លាំងកំហែងឡើយ។
ស្ថានភាពជំងឺរបស់អ្នកនាង អេង វ៉ាណង កាលនោះ ហាក់ធ្ងន់ធ្ងរណាស់ ហើយអ្នកនាងក៏ខ្វះខាតថវិកាដើម្បីព្យាបាលជំងឺទៀត តែដោយក្ដីអាណិត ក៏មានសិល្បករ និង សប្បុរសជនជាច្រើន បានផ្ដល់ជំនួយថវិកាឱ្យតារាស្រីរូបនេះព្យាបាលខ្លួន ប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ដើម្បីរស់រានមានជីវិតបន្ត ហើយមកដល់បច្ចុប្បន្ន ដ្បិតថាជំងឺមួយនេះនៅមិនទាន់ជាសះស្បើយក៏ពិតមែន តែអ្នកនាងបានធូរស្រាលបន្តិចហើយ រីឯទឹកមុខក៏ស្រស់បស់ជាងមុនដែរ។
ក្រោយបានធូរស្រាលពីជំងឺហើយទទួលបានជីវិតថ្មី ស្រាប់តែអ្នកនាង អេង វ៉ាណង បានបង្ហោះសារអរគុណដល់មនុស្ស ៣ នាក់ជាពិសេស ដែលខ្នះខ្នែងជួយអ្នកនាងអស់ពីកម្លាំងកាយចិត្ត ក្នុងពេលវេលាដែលនាងលំបាកបំផុត។
នៅសុខៗ អ្នកនាង អេង វ៉ាណង បានបង្ហោះរំឭកពីអតីតកាលដ៏សែនឈឺចាប់របស់ខ្លួនថា ៖ «រំឭកឡើងវិញនូវអនុស្សាវរីយ៍ និង ការឈឺចាប់កន្លងមក ហើយក៏ជាការចងចាំមួយក្នុងជីវិតដែលមិនអាចបំភ្លេចបាន អរគុណដល់ពេលវេលាដែលធ្វើឱ្យខ្ញុំឆ្លងផុតឧបសគ្គដ៏ធំមួយនៅក្នុងជីវិត ហើយធ្វើឱ្យខ្ញុំកាន់តែរឹងមាំ ជាពិសេសសូមអរគុណដល់មនុស្សល្អៗដែលចូលមកក្នុងជីវិតខ្ញុំពេលដែលខ្ញុំពិបាក សុភក្ត្រា ង៉ែត ពួកម៉ាកកម្សត់ Pee Ya អរគុណអូន Savin Phillip អរគុណបងប្រុស និង ពុកម៉ែបងប្អូនទាំងអស់គ្នា ដែលផ្តល់កម្លាំងចិត្តឱ្យនាងខ្ញុំស៊ូរហូតដល់ថ្ងៃនេះ»៕