អបអរសាទរ! ទីបំផុតរកឃើញកំពូលស្រីស្អាតម្ចាស់មកុដបវរកញ្ញា AI ហើយ ជា Influencer ល្បីមានអ្នកតាមដានរាប់សែន
កាលពីចុងខែមិថុនា កម្មវិធីបវរកញ្ញា AI ឬ Miss AI ដំបូងបំផុតនៅលើពិភពលោក បានបង្ហាញនូវបេក្ខភាពកំពូល ១០ នាក់ចុងក្រោយ សុទ្ធសឹងស្រស់ស្អាត និង មានប្រជាប្រិយភាពខ្ពស់។ ជាលទ្ធផល ឥឡូវនេះម្ចាស់មកុដបានរកឃើញជាផ្លូវការ គឺបានទៅលើបេក្ខភាពមកពីប្រទេសម៉ារ៉ុកគឺ នាង Kenza Layli។
ម្ចាស់មកុដដំបូងគេ នាង Kenza Layli ឬ គេច្រើនហៅ Layli ត្រូវបានគេស្គាល់ថាជា Lifestyle Influencer ឬ Influencer ផ្តោតមាតិកាទៅលើរបៀបរស់នៅ ដោយនាំយកទស្សនៈ «ភាពចម្រុះ និង ការរួមបញ្ចូល» ដើម្បីដើរតួជាមនុស្ស AI គម្រូនៅក្នុងសង្គម។
ជាក់ស្តែង នៅលើបណ្តាញសង្គម Instagram ថ្វីដ្បិតនាងមិនមែនជាមនុស្សពិត តែនាងមានប្រជាប្រិយភាពខ្លាំង ដោយមាន follower ឬ អ្នកតាមដានរហូតដល់ទៅជិត ២ សែននាក់ និង នៅលើ TikTok ប្រមាណ ៤ ម៉ឺន ៥ ពាន់នាក់។ ជារឿយៗគណនីរបស់នាងតែងបង្ហោះរូបភាពដែលបង្កើតឡើងដោយ AI ដោយភ្ជាប់មកជាមួយ Caption ហាក់ដូចជាមនុស្សពិតម្នាក់កំពុងបញ្ចេញគំនិត និង មតិដូច្នោះដែរ។
មុនការប្រកាសមួយសប្តាហ៍ អ្នករៀបចំការប្រកួតបាននិយាយថា បេក្ខភាពប្រកួតនឹងត្រូវបានវិនិច្ឆយមិនត្រឹមតែលើរូបសម្រស់ប៉ុណ្ណោះទេ តែថែមទាំងផ្តោតទៅរបៀបប្រើ AI របស់អ្នកបង្កើត ក៏ដូចជាឥទ្ធិពលផ្សព្វផ្សាយរបស់បេក្ខភាពនៅលើបណ្តាញសង្គមផងដែរ។ ក្នុងការប្រកួត បេក្ខនារី AI ត្រូវឆ្លើយសំណួរស្រដៀងគ្នាទៅនឹងការប្រកួតមនុស្សពិតដូចជា «ប្រសិនបើអ្នកអាចមានក្តីសុបិនមួយក្នុងការធ្វើឱ្យពិភពលោកក្លាយជាកន្លែងល្អជាងនេះ តើវាជាអ្វី?»។
ចំពោះគណៈកម្មការនៅក្នុងកម្មវិធីប្រកួតនេះ គឺមាន នាង Aitana Lopez ដែលជា AI Influencer និង មានអ្នកស្រី Sally-Ann Fawcett ជាមនុស្សពិត ដែលជាអ្នកបង្កើតកម្មវិធីប្រកួតសម្រស់ជាប្រវត្តិសាស្ត្រ ដោយនាងក៏បានប្រាប់សារព័ត៌មាន CNN ដែរថា នាងនឹងជ្រើសរើសម្ចាស់មកុដ AI ដែលប្រកបដដោយថាមពល និង សារវិជ្ជមាន។
គួរឱ្យដឹងដែរថា នាង Kenza Layli ត្រូវបានបង្កើតឡើងដោយ អ្នកស្រី Myriam Bessa ស្ថាបនិកក្រុមហ៊ុនភ្នាក់ងារ AI «Phoenix AI »។ អ្នកឈ្នះទទួលបានទឹកប្រាក់ ៥ ពាន់ដុល្លារ។ ចំណែកអ្នកឈ្នះលំដាប់រងបានទៅលើ បេក្ខភាព Lalina Valina មកពីបារាំង និង Olivia C មកពីប៉រទុយហ្គាល់៕
ប្រពភព៖ CNN