ឈ្នះមកុដ និង ពានរាប់សឹងមិនអស់ តាមពិតដំបូងឡើយក្តីស្រមៃរបស់ ប៊ី សុធារី គឺចង់ចាប់អាជីពមួយនេះទេ
មួយជំហានទៀតមកកាន់តំណែងមកុដ Miss Grand Cambodia 2024 ប៊ី សុធារី នឹងតំណាងឱ្យកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខ។ បើនិយាយពីការតំណាងឱ្យកម្ពុជាទៅប្រកួតនៅក្រៅប្រទេស ប៊ី សុធារី បានចេញទៅប្រកួតតាំងពីខ្លួននៅវ័យជំទង់ម្ល៉េះ ហើយបើសរុបកម្មវិធីដែលនាងប្រកួតទាំងថ្នាក់ជាតិ និង អន្តរជាតិ អាចចាត់ទុកថានាងជាស្ត្រីខ្មែរដែលប្រឡូកកម្មវិធីប្រកួតសម្រស់ច្រើនជាងគេ។
ជ្រើសរើសជំហានក្នុងវិស័យប្រកួតសម្រស់តាំងពីពេលចាប់ផ្តើមមកដល់ចំណុចនេះ តាមពិតទៅដំបូងឡើយ ប៊ី សុធារី មិនមានក្តីប្រាថ្នា ឬ ស្រឡាញ់អាជីពមួយនេះទេ ពោលគឺនាងមានក្តីស្រមៃចង់ក្លាយជាកីឡាការិនីបាល់ទះ ដែលជាអាជីពប្រើកម្លាំងខ្លាំងៗ។
គ្រាដំបូងដែលនាងឈានជើងចូលវិស័យបវរកញ្ញាក៏ជាក្ដីស្រមៃមួយ ដោយនាងចង់រកលុយដើម្បីផ្តត់ផ្គង់ជីវភាពគ្រួសារ។ នាងធ្លាប់បានប្រាប់ពីក្តីស្រមៃរបស់នាងដែរថា នាពេលអនាគតនាងចង់ក្លាយជាតារាបង្ហាញម៉ូដលំដាប់អន្តរជាតិមួយ ដែលដើរបង្ហាញក្នុងកម្មវិធីម៉ាកអន្តរជាតិល្បីៗ និង ចង់មានអាជីវកម្មខ្នាតតូចមួយអាចជាហាងកាហ្វេ ឬ ហាងលក់សម្លៀកបំពាក់ ជាដើម។
មិនថាគោលដៅរបស់ម្ចាស់មកុដ Miss Grand Cabomdia 2024 យ៉ាងណាក្តី យើងមានតែនិយាយពាក្យថាអបអរ និង ជូនពរនាងជោគជ័យនៅជំហានបន្ទាប់ ក៏ដូចជាសម្រេចនូវអ្វីដែលជាមហិច្ឆតារបស់នាងនៅក្នុងជីវិត៕