ព្រោះស្គាល់ចរិតច្បាស់ ពេជ្រ សោភា ហ៊ានអះអាងថានារីណាបាន ឆន សុវណ្ណារាជ ជាគូជីវិតដឹងតែសំណាង
ជាការពិតណាស់ បើទោះជាកន្លងមកអ្នកគាំទ្រជាច្រើនធ្លាប់បានផ្គូផ្គងតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ និង អ្នកនាង ពេជ្រ សោភា ឱ្យក្លាយទៅជាគូនឹងគ្នាក៏ពិតមែន ប៉ុន្តែហាក់មិនអាចទៅរួចនោះឡើយ ព្រោះតែខាងស្រីមានគូដណ្តឹងរួចហើយ។
ម្យ៉ាងវិញទៀត ក្រឡេកទៅមើលទំនាក់ទំនងរបស់លោក ឆន សុវណ្ណារាជ និង អ្នកនាង ពេជ្រ សោភា បើមិនអាចក្លាយជាគូស្នេហ៍ក្តី តែតារាប្រុសស្រីទាំង ២ គឺពិតជាស្និទ្ធស្នាលគ្នា និង យល់ចិត្តគ្នាខ្លាំងជាងបងប្អូនបង្កើតទៅទៀត។
ជារឿយៗ អ្នកគាំទ្រតែងតែឃើញលោក ឆន សុវណ្ណារាជ និង អ្នកនាង ពេជ្រ សោភា បង្ហោះសារផ្តល់កម្លាំងចិត្តឱ្យគ្នា សរសើរពីគ្នាមិនដាច់ពីមាត់នោះឡើយ ដោយមើលទៅសម្ពន្ធភាពអ្នកទាំង ២ មិនអាចកាត់ផ្តាច់នោះទេ។
ជាក់ស្តែង ថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានសរសើរដល់ដៃគូចម្រៀងរបស់ខ្លួនជាថ្មីម្តងទៀតហើយពាក់ព័ន្ធនឹងរឿងបេះដូង ដោយអ្នកនាង ពេជ្រ សោភា លើកឡើងថា នារីណាបានលោក ឆន សុវណ្ណារាជ ពិតជាសំណាង។
សំណេរសរសើរយ៉ាងខ្លី តែមានន័យនោះដែរ អ្នកនាង ពេជ្រ សោភា រៀបរាប់ ៖ «គិតទៅមនុស្សយើងគ្មានអីសំខាន់ជាងយល់ពីគ្នា។ រាជ ជាមនុស្សមិនចេះ drama មិននិយាយច្រើន! អ្នកណាបានគាត់ជាគូជីវិតគឺ (សំណាង)»៕