បាត់មុខពីសិល្បៈក្នុងស្រុកជិត ១៥ ឆ្នាំ អ៊ិត ស្រីពីន សំងំរស់នៅអាមេរិកយ៉ាងសុខសាន្ត ឯសម្រស់ខ្ញង់ដដែល
រំឭកកាលពីជិត ១៥ ឆ្នាំមុន បើលើកយកឈ្មោះតារាចម្រៀងស្រីមានទឹកដមសំឡេងពីរោះ ច្រៀងបានគ្រប់ទម្រង់ ដែលចាកចេញទៅរស់នៅឯក្រៅប្រទេសនោះច្បាស់ណាស់មហាជននឹកឃើញដល់អ្នកនាង អ៊ិត ស្រីពីន មួយរូបដែរ។
កាលនោះ គេចាំបានថា អ្នកនាង អ៊ិត ស្រីពីន គឺជាតារាចម្រៀងមួយរូបដ៏មានប្រជាប្រិយភាព ដែលអាចបកស្រាយចម្រៀងបានគ្រប់ចង្វាក់ និង ពីរោះ ព្រមទាំងមានវោហារស័ព្ទកំប្លុកកំប្លែងចាក់ទឹកមិនលិចទៀតផង។
យ៉ាងណាមិញ កាលពីអំឡុងឆ្នាំ ២០០៦ អ្នកនាង អ៊ិត ស្រីពីន បានរៀបការជាមួយនឹងស្វាមីទី ២ មកពីរដ្ឋមីនីសូតា និង បានចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ ២០១០ និង ធានាយកកូនប្រុសស្រីរបស់ស្វាមីមុនទៅរស់នៅជួបជុំគ្នាថែមទៀតផង។ យ៉ាងណាចំណងអាពាហ៍ពិពាហ៍លើកទី ២ របស់នាង ក៏បានបញ្ចប់ក្រោយរៀបការនឹងគ្នារយៈពេល ៤ ឆ្នាំ។
បើទោះជាចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិកក្តី អ្នកនាង អ៊ិត ស្រីពីន ក៏នៅតែបន្តអាជីពចាស់ជាតារាចម្រៀងដូចដើម នៅឯទឹកដីសហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត ក្រឡេកទៅមើលរូបសម្រស់របស់តារចម្រៀងស្រីរូបនេះ បើទោះជាល្បាក់ ៤០ ឆ្នាំក្រាស់ហើយ តែអ្នកនាងនៅតែស្រស់ស្អាត ស្រស់សោភាដូចដើម។ លើសពីនោះ សព្វថ្ងៃអ្នកនាងក៏មានគូស្នេហ៍ថ្មីជាជនជាតិបរទេសទៀតផង៕