(វីដេអូ) ស្រណោះណាស់! កូនស្រីពៅ នាយក្រិន ពោលស្រឡាញ់ឪពុកខ្លាំងខំមើលថែតាំងពីតូចដល់ធំ ក្រោយម្តាយរត់ចោល
មហាជននិយមតាមដានរឿងរ៉ាវសិល្បៈ ជាពិសេសពាក់ព័ន្ធនឹងតារាកំប្លែង ទេស សុជន ហៅ នាយក្រិន ច្បាស់ជាបានជ្រាបហើយកាលពីអំឡុងចុងឆ្នាំ ២០១៩ លោកត្រូវបានភរិយាទី ២ រត់ចោល លួចផិតក្បត់មានអ្នកថ្មី ដោយបន្សល់ទុកកូនប្រុសស្រី ៣ នាក់ ឱ្យលោកមើលថែក្នុងបន្ទុក។
ក្រោយពីជួបរឿងខាងលើហើយ នាយក្រិន ក៏បាននាំកូនៗទាំង ៣ នាក់ចាកចេញពីភ្នំពេញ ដើម្បីទៅរស់នៅឯស្រុកកំណើតនាខេត្តបាត់ដំបង ខណៈមុខជំនួញបើកភោជនីដ្ឋានត្រូវក្ស័យធន់។ មិនត្រឹមតែប៉ុណ្ណោះ អំឡុងពេលផ្អាកអាជីពសិល្បៈរស់នៅស្រុកកំណើត នាយក្រិន ក៏ធ្លាក់ខ្លួនឈឺផង ទទួលបន្ទុកចិញ្ចឹមបីបាច់កូនៗទាំង ៣ ផង និង ឪពុកចាស់ជរាទៀត។
យ៉ាងណាមិញ នោះដើមឆ្នាំ ២០២៤ នេះ នាយក្រិន បានវិលមកកាន់ទីក្រុងភ្នំពេញ និង បានបង្ហាញវត្តមានក្នុងការសម្តែងកំប្លែងជាថ្មីម្តងទៀត ដោយការវិលត្រឡប់មកវិញលើកនេះធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត ក៏ព្រោះតែលោកចាប់ផ្តើមមានការងារធ្វើជាថ្មី និង រកប្រាក់ចំណូលបានដើម្បីផ្គត់ផ្គង់ជីវភាព។
ដោយឡែក ថ្មីៗនេះ មហាជនអ្នកគាំទ្រហាក់កាន់តែរំជួលចិត្ត និង អាណិតដល់ នាយក្រិន កាន់តែខ្លាំង ក្រោយពីបានឮសម្ដីរបស់កូនស្រីពៅរបស់លោកថាស្រឡាញ់ឪពុកខ្លាំង ព្រោះឪពុករបស់នាងមើលថែនាងតាំងពីតូច ក្រោយម្តាយរត់ចោល។
ក្នុងនោះ មហាជនក៏បានសរសើរដល់ នាយក្រិន ដូចគ្នាដែរថាបើទោះជាលំបាក មានកាយសម្បទាមិនពេញលក្ខណៈដូចគេ ប៉ុន្តែលោកប្រឹងប្រែងមើលថែកូនៗទាំង ៣ នាក់បានយ៉ាងល្អតែម្នាក់ឯង៕