សង្ហាណាស់! កូនខ្មែរនៅអាមេរិកពូកែធ្វើម្ហូប ឯរាងសង្ហាសាច់ដុំមាំ ហើយក៏ជាតារាសម្តែងល្បីនៅបរទេសទៀត
មួយរយៈចុងក្រោយនេះ ប្រិយមិត្តនិយមតាមដានបណ្តាញសង្គម មានការចាប់អារម្មណ៍ខ្លាំងទៅលើគណនីបុរសម្នាក់ឈ្មោះ Jeremy Sry ដែលមានមុខមាត់សង្ហា រាងស្អាត សាច់ដុំកង់ៗ តែងតែបង្ហោះវីដេអូបង្ហាញពីការហាត់ប្រាណ និង ធ្វើម្ហូប ជាពិសេសធ្វើម្ហូបខ្មែរយើងតែម្តង។
តាមរយៈវីដេអូធ្វើម្ហូប និង ហាត់ប្រាណ ដែលនិយាយជាភាសាអង់គ្លេស ជឿជាក់ថាប្រិយមិត្តភាគច្រើនអាចនឹងគិតថា បុរសម្នាក់នេះជា Influencer ឬ ជាអ្នកបង្កើតមាតិកាជនជាតិបរទេសណាមួយ តែតាមពិតទៅ Jeremy Sry លោកគឺជាកូនខ្មែរមួយរូបកើតនៅអាមេរិក ដែលមានប្រវត្តិគួរឱ្យចាប់អារម្មណ៍។
មានវ័យ ៣១ ឆ្នាំ កម្ពស់ ១,៧៣ ម៉ែត្រ លោក Jeremy Sry បច្ចុប្បន្នជាគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួន ដែលទទួលស្គាល់ពី NASM នៅសហរដ្ឋអាមេរិក និង ជាសមាជិកនៃគេហទំព័រអត្តពលិក Bodybuilding.com ដែលមានឯកទេសទៅលើអាហារបំប៉នកីឡា។ លើសពីនេះ លោកជាតារាម៉ូឌែល តារាសម្តែង ជាស្ថាបនិក ជានាយកប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយថែមទាំងជាម្ចាស់ជំនួញមួយចំនួនទៀតផងដែរ។
លោក Jeremy Sry បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ខាងវិទ្យាសាស្ត្រសុខាភិបាលសាធារណៈ នៅសាកលវិទ្យាល័យ University of California នៅទីក្រុង Irvine ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ លោកបានជាប់ជ័យលាភីលំដាប់រងទី ២ នៅក្នុងកម្មវិធីប្រកួតម៉ូឌែល 2016 Bodybuilding.com Spokesmodel Search។ លោកបានលេចមុខក្នុងការសម្តែងភាពយន្តបរទេសជាច្រើន ក្នុងនោះរឿងល្បីៗមានដូចជា រឿង The Rescue, រឿង The Fifth Hour of the Night, រឿង Ramree និង រឿង ZAPS Inc ជាដើម។
ជាមួយមុខមាត់សង្ហា រាងរៅខ្ពស់ស្រឡះ សាច់ដុំកង់ៗ ញញឹមម្តងសឹងថាធ្លាក់ក្នុងអន្លង់ស្នេហ៍ ប៉ុន្តែគួរឱ្យសោកស្តាយ លោក Jeremy Sry មានគូជីវិតរួចទៅហើយ។ ជាក់ស្តែង កាលពីឆ្នាំ ២០២៣ កន្លងទៅ លោកបានបង្ហោះរូបភាពថតជាមួយកូនក្រមុំនៅលើគណនីរបស់ខ្លួន៕