ចូលរួមរំលែកទុក្ខ! តួស្រីប្រចាំរឿង «Black Panther» បានទទួលមរណភាពក្នុងវ័យ ៧២ ឆ្នាំ
ជារឿងដ៏គួរឱ្យសោកស្ដាយ និងជាដំណឹងដ៏រន្ធត់មួយ ដោយតារាស្រី Connie Chiume ដែលអ្នកគាំទ្រភាគច្រើនស្គាល់ជាតួអង្គសំខាន់មួយក្នុងរឿង «Black Panther» នោះ បានទទួលមរណភាពហើយ ក្នុងវ័យ ៧២ ឆ្នាំ។
តាមលិខិតប្រកាសដែលក្រុមគ្រួសាររបស់លោកស្រីបង្ហោះលើ Instagram របស់លោកស្រីផ្ទាល់ បានរៀបរាប់ថា៖ «លោកស្រី Chiume បានលាចាកលោកនៅឯមន្ទីរពេទ្យ Garden City Hospital នាក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ០៦ ខែសីហា ក្រោយទ្រាំទ្រនឹងជំងឺអស់មួយរយៈកាលមក។ កូនៗរបស់លោកស្រី សូមសម្ដែងការកោតសរសើរជាខ្លាំងចំពោះក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យទាំងអស់ ដែលបានផ្ដល់ការថែទាំយ៉ាងយកចិត្តទុកដាក់ អំឡុងពេលដែលគាត់ស្នាក់នៅទីនោះ។ ចំពោះព័ត៌មានលម្អិតជុំវិញពិធីបុណ្យ នឹងបញ្ជាក់លើបណ្ដាញសង្គមរបស់ Connie ក្នុងពេលកំណត់ជាក់លាក់ណាមួយ ខណៈក្រុមគ្រួសារពេលនេះ កំពុងចំណាយពេលដើម្បីរៀបចំ»។
គួរបញ្ជាក់ឱ្យដឹងថា បើតាមសារព័ត៌មាន BBC តារាសម្ដែងស្រីរបស់អាហ្វ្រិកខាងត្បូងរូបនេះ មានការងារដំបូងជាគ្រូបង្រៀន មុនផ្លាស់ទៅចាប់អាជីពជាតារាសម្ដែង ដោយវត្តមានសម្ដែងដំបូងគឺថតរឿងទូរទស្សន៍ដូចជា Rhythm City and Zone 14។ មកដល់ឆ្នាំ ២០១៨ លោកស្រី ក៏បានចូលរួមជាមួយក្រុមហ៊ុន Marvel សម្ដែងជាតួអង្គមេកុលសម្ព័ន្ធឈ្មោះ Zawavari ប្រចាំរឿង «Black Panther» ដែលជាភាពយន្តល្បីធ្វើឱ្យលោកស្រី កាន់តែមានឈ្មោះបោះសំឡេងមកទល់សព្វថ្ងៃ៕