ស្រឡាញ់វិស័យកីឡា តែឥឡូវកីឡាករ ២ រូបនេះមកល្បី និង កើបលុយនៅក្នុងពិភពសិល្បៈឡើងហំ
អ្វីៗប្រែប្រួលមិនទៀង ពេលខ្លះវាក៏ជាឱកាសមួយដែលអាចឱ្យយើងអភិវឌ្ឍន៍ខ្លួន ឬរកឃើញខ្លួនឯង ធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ ជាក់ស្តែងដូចជា កីឡាករពីររូប ពីមុនធ្លាប់តែសកម្មក្នុងវិស័យកីឡា ឥឡូវបានរំកិលខ្លួនចូលទៅក្នុងពិភពសិល្បៈ រហូតទទួលបានប្រជាប្រិយភាព និង មានទីផ្សារខ្ពស់។
១. អ្នកចាំទី យូ អាឡិច
អ្នកចាំទី យូ អាឡិច ត្រូវបានគេស្គាល់ជាអតីតអ្នកចាំទីក្លឹបបាល់ទាត់ភ្នំពេញក្រោន។ លោកបានចាប់ផ្តើមអាជីពទាត់បាល់តាំងតែពីអាយុ ៥ ឆ្នាំ តាំងពីពេលរស់នៅប្រទេសបារាំង។ តាមរយៈអាជីពមួយនេះ វាបាននាំលោកត្រលប់មករស់នៅកម្ពុជាវិញនៅក្នុងឆ្នាំ ២០១៨។ បច្ចុប្បន្ន ចំពោះវិស័យបាល់ទាត់ លោក អាឡិច បានផ្អាកលែងប្រឡូកដូចមុនទៀតហើយ ដោយលោកបានងាកមកសកម្មនៅក្នុងវិស័យម៉ូដ និង សម្តែងវិញម្តង។ ជាក់ស្តែង កន្លងមកលោករមែងលេចមុខក្នុងការថតសម្តែងផ្សេងៗ ការថតស្ពតពាណិជ្ជកម្ម ថតម៉ូដ និង ដើរបង្ហាញខូឡិកហ្សិនសម្លៀកបំពាក់ឱ្យប្រ៊េនល្បីៗជាច្រើនទាំងក្នុង និង ក្រៅប្រទេស។
២. កីឡាករ និង គ្រូបង្ហាត់ល្បុក្កតោ លាវ វេងហួរ
បន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភីលំដាប់អន្តរជាតិក្នុងកម្មវិធី Mister Friendship International 2023 លោក លាវ វេងហួរ ដែលគេស្គាល់ថាជាកីឡាករ និង ជាគ្រូបង្ហាត់ល្បុក្កតោ បានក្តោបក្តាប់ប្រជាប្រិយភាព និង ការងារសិល្បៈជាហូរហែ។ ជាពិសេស ថ្មីៗនេះ លោកទើបសម្ពោធភាពយន្តខ្នាតធំ ដែលសម្តែងជាតួឯកជាមួយ កញ្ញា រឿន ណាត នោះគឺរឿង អ្នកម្តាយ ZOMBIE។ បច្ចុប្បន្ន ក្រៅពីកំពុងបំពេញតួនាទីជាម្ចាស់ជ័យលាភី Mister Friendship International 2023 លោក លាវ វេងហួរ រមែងសកម្មភាពជាមួយការងារថតជាច្រើន មានទាំងថតបង្ហាញម៉ូដ ថតផ្សព្វផ្សាយពាណិជ្ជកម្ម និង ថតភាពយន្តជាបន្តបន្ទាប់ផងដែរ។ គួរឱ្យដឹងដែរថា លោក លាវ វេងហួរ មានអាយុ ២៦ ឆ្នាំ កម្ពស់១.៧៧ ម៉ែត្រ ទម្ងន់ ៧៥ គីឡូក្រាម។ ចំពោះកម្រិតវប្បធម៌ លោកបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក៕