វ័យទើប ១៨ ឆ្នាំ តែកំលោះមុខស្រទន់ Fuaiz ដើរតួ Tonkla ដាស់អារម្មណ៍អ្នកគាំទ្រខ្លាំងក្នុងរឿង «4 Minutes»
ថ្មីៗនេះ រឿងភាគថ្មីរបស់ផលិតកម្ម Be on Cloud គឺ «4 Minutes» បាន និង កំពុងតែវាយលុកវិស័យភាពយន្ត BL ខ្លាំងណាស់ ព្រោះសាច់រឿងប្លែក ព្រមទាំងតួអង្គពេញទៅដោយសមត្ថភាព និង រូបសម្បត្តិស្រស់សង្ហា។
ក្រៅពីគូតួអង្គឯកគឺ Great និង Tyme ហើយ ក៏មានគូតួអង្គរងចំនួន ២ ទៀត កំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ផងដែរ ជាពិសេសគឺគូលោកប៉ូលិស Win និង Tonkla ដែលសម្តែងដោយ Jjay និង Fuaiz។ បើយើងក្រឡេកមកមើល Fuaiz វិញ យើងឃើញថាកំលោះរូបនេះមានវ័យទើបតែ ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែស្នាដៃសម្តែងពិតមិនធម្មតានោះទេ ជាក់ស្តែងនៅក្នុងរឿង «4 Minutes» ឈុតឆាកក្តៅសាច់ Fuaiz បានធ្វើឱ្យមហាជនអ្នកគាំទ្រអត់សរសើរមិនបានឡើយ។
តាមពិតទៅបើទោះជាមានវ័យតិចក៏ពិតមែន តែ Fuaiz បានចូលប្រឡូកសិល្បៈតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ដោយបានសម្តែងជាតួអង្គរងនៅក្នុងរឿងភាគជាច្រើន ហើយក្រោយមកក៏ចាប់បានដំណែងជាតួអង្គឯកនៅក្នុងរឿង «Don’t Touch My Gang» នាឆ្នាំ ២០២៣។ នៅក្នុងឆ្នាំដដែលនោះ Fuaiz ក៏័បានចូលក្លាយជាសមាជិករបស់ផលិតកម្ម Be On Cloud ហើយក៏បានលេចមុខនៅក្នុងរឿង «Dead Friend Forever» រួមជាមួយនឹងរឿង «4 Minutes»។
សមត្ថភាពសម្តែងរបស់កំលោះ Fuaiz បានធ្វើឱ្យមហាជនពេញចិត្តខ្លាំងណាស់ ហើយគេឃើញទៀតថា Fuaiz ក៏បានប្រឹងដុសខាត់ខ្លួនឯងបានយ៉ាងល្អទៀតផង ដូច្នេះហើយម្នាក់ៗសង្ឃឹមថាកំលោះ Fuaiz នឹងកាន់តែមានភាពល្បីល្បាញ ក៏ដូចជាស្រវាបានឱកាសក្នុងសិល្បៈច្រើននាថ្ងៃខាងមុខផងដែរ៕