ស្រីម៉ុច តួជីដូនកាកី ទម្លាយមូលហេតុច្បាស់ៗ ជុំវិញការបាត់មុខពីសិល្បៈជិត ២០ ឆ្នាំ
អតីតតារាសម្ដែងដ៏ប៉ិនប្រសប់ អ្នកនាង ស្រីម៉ុច ត្រូវបានមហាជនស្គាល់ច្បាស់តាមរយៈការសម្ដែងចម្រៀងកាយវីការក្នុងបទ «ជីដូនកាកី» របស់លោក ហេង ប៊ុនលាភ ហើយចាប់តាំងពីនោះមក មានមហាជនជាច្រើនតែងហៅអ្នកនាងថា ជីដូនកាកីៗមកដល់សព្វថ្ងៃ។
អ្នកនាង ស្រីម៉ុច បានរៀបការជាមួយស្វាមីជនជាតិសិង្ហបុរីរូបសង្ហាម្នាក់ ហើយបើគិតមកដល់ឆ្នាំ ២០២៤ នេះ ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមានរយៈពេលជិត ២០ ឆ្នាំហើយ ក្នុងនោះអ្នកនាង និង ស្វាមីក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ផងដែរ តែអ្វីដែលមហាជនកោតសរសើរនោះ ដ្បិតថាពេលនេះ ស្រីម៉ុច ក្លាយជាម្ដាយកូនៗទាំង ៣ ហើយថែមទាំងមានវ័យជាង ៤០ ឆ្នាំហើយក្ដី តែរូបរាងមុខមាត់ នៅក្មេងខ្ចីដដែល។
ចាប់តាំងពីរៀបការរួច ស្រីម៉ុច បានឃ្លាតឆ្ងាយពីវិស័យសិល្បៈសម្ដែង ហើយទៅរស់នៅទឹកដីសិង្ហបុរីជាមួយស្វាមី សាងគ្រួសារមួយយ៉ាងមានសុភមង្គល ដែលកាលនោះគេចាំបានថា ប្រជាប្រិយភាពរបស់អ្នកនាងកំពុងផ្ទុះការគាំទ្រពីមហាជនខ្លាំងណាស់។ ពាក់ព័ន្ធនឹងការរសាត់ឆ្ងាយពីកញ្ចប់ទូរទស្សន៍អស់រយៈពេលជិត ២០ ឆ្នាំនេះ តួអង្គ ជីដូនកាកី រូបនេះក៏បានបង្ហើបថា នាងជាប់រវល់មើលថែគ្រួសារ និង ធ្វើជាស្រ្តីមេផ្ទះ។
ពេលមានគេចែករំលែកពីរូបភាពរបស់អ្នកនាងលើហ្វេសប៊ុក ស្រាប់តែ ស្រីម៉ុច បានរៀបរាប់ថា ៖ «ខ្ញុំមិនស្មានថាមានអ្នកនៅចងចាំខ្ញុំសោះ ពិតមែនតែមិនបាននៅជាអាជីពតារា តែខ្ញុំចេញចូលមានការងារជាលក្ខណៈឯកជន ហើយសំខាន់តែម្ដងគឺរវល់មើលកូន មួយរយៈធំដែលខ្ញុំដកថយចេញពីការសម្ដែងហើយក្លាយជាមេផ្ទះ»។ ពិតណាស់ បើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់អតីតតារាស្រីរូបនេះកន្លងមក គេឧស្សាហ៍ឃើញអ្នកនាងឡើងចុះស្រុកខ្មែរញឹកញាប់ណាស់ ដែលអ្នកនាងធ្វើដំណើរមកស្រុកខ្មែរដើម្បីធ្វើការផង និង មកលេងប្រទេសកំណើតផង៕