ឈប់ពីសិល្បៈទៅរស់នៅក្រៅប្រទេស តារាប្រុសស្រី ៤ រូប បើកជំនួញរកស៊ីមានឈ្មោះជាថៅកែយ៉ាងហំហាន
ជាការពិតណាស់ បច្ចុប្បន្ននេះ មានតារាប្រុសស្រីជាច្រើនរូប ដែលបានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅឯក្រៅប្រទេស បញ្ចប់អាជីពសិល្បៈក្នុងទឹកដីកំណើត។ តែយ៉ាងណាក៏ដោយ ការចាកចេញរបស់សិល្បករ សិល្បការិនីមួយចំនួន បើទោះជាទៅរស់នៅទឹកដីបរទេសក្តី តែខ្លះក៏នៅតែបន្តអាជីពជាអ្នកសិល្បៈដូចដើម។
ដោយឡែក ក្រឡេកមកមើលតារាប្រុសស្រីចំនួន ៤ រូប រួមមាន លោក ស៊ុក សុភា, លោក សេន រ៉ានុត, អ្នកនាង អ៊ុន អាលីហ្សា និង លោក ឈុន វីរៈកុសល ឯនោះវិញ បានចាប់យករបររកស៊ីរៀងៗខ្លួន បន្ទាប់ពីចាកចេញទៅរស់នៅក្រៅប្រទេស។
១. លោក ស៊ុក សុភា
ក្រោយពីបានរៀបការ និង ចាកចេញទៅរស់នៅអូស្ត្រាលីរយៈពេលប្រមាណជាជិត ១២ ឆ្នាំ នោះ លោក ស៊ុក សុភា និង ភរិយា បានបង្កើតមុខជំនួញជាបន្តបន្ទាប់។ ម្យ៉ាងវិញទៀត ក្នុងឆ្នាំ ២០២៤ នេះ អតីតតារាសម្តែងខាងលើ ក៏បានបើកអាជីវកម្មថ្មី ដែលជាហាងអាហារបែបខ្មែរនៅលើទឹកដីប្រទេសអូស្ត្រាលីទៀតផង។
២. លោក សេន រ៉ានុត
ក្រោយចាកចេញពីប្រទេសកម្ពុជាទៅកាន់ទឹកដីសហរដ្ឋអាមេរិកប្រមាណជាង ១០ ឆ្នាំមកនេះ លោក សេន រ៉ានុត ក៏បានរៀន និង មានជំនាញជាជាងធ្វើគ្រឿងអលង្ការ ពោលគឺជាងមាស។ សព្វថ្ងៃ លោក សេន រ៉ានុត មានឈ្មោះជាថៅកែ និង បានបើកហាងមាសនៅឯទីនោះផងដែរ។
៣. អ្នកនាង អ៊ុន អាលីហ្សា
បើគិតមកដល់ពេលនេះ រយៈពេល ៣ ឆ្នាំ ហើយ ដែលតារាចម្រៀង និង សម្តែង អ៊ុន អាលីហ្សា បានដឹកដៃកូនស្រីហោះទៅកាន់ទឹកដីសហរដ្ឋអាមេរិកជួបជុំស្វាមី ក្រោយពីបានបែកគ្នាតាំងពីនាងពពោះបានជាង ១ ខែមកម្ល៉េះ ។ ក្នុងនោះដែរ ក្រោយទៅដល់ទឹកដីអាមេរិក មិនត្រឹមតែបានជួបជុំគ្រួសារ ចាយជីវិតដើរកម្សាន្តយ៉ាងរីករាយនោះទេ អ្នកនាង អ៊ុន អាលីហ្សា ក៏បានជួយមើលការរកស៊ីរបស់ស្វាមី និង ក្លាយជាថៅកែហាងនំដូណាត់ទៀតផង។
៤. លោក ឈុន វីរៈកុសល
អតីតតារាសម្តែង និង តារាបង្ហាញម៉ូដ លោក ឈុន វីរៈកុសល គឺបានផ្តាច់ទាំងស្រុងពីអាជីពសិល្បៈអស់រយៈពេលប្រមាណជិត ៥ ឆ្នាំ មកហើយ។ បច្ចុប្បន្ន អតីតតារាប្រុសរូបនេះ កំពុងរស់នៅឯទឹកដីសហរដ្ឋអាមេរិកដោយកន្លងបានសិក្សា និង ហ្វឹកហាត់ក្លាយទៅជាកងទ័ពអាកាសរបស់អាមេរិក។ លើសពីនោះ លោកក៏មានអាជីវកម្មបើកហាងលក់ដូណាត់ និង ឌីសចម្រៀងទៀតផង៕