ជោគជ័យលើអាជីព តែបរាជ័យជីវិតគូ តារាស្រីហូលីវូដពីររូបបច្ចុប្បន្នកំពុងដាក់ពាក្យលែងលះប្តី
ជាតារាល្បីលំដាប់ពិភពលោក ប៉ុន្តែបែរជាមកអភ័ព្វរឿងជីវិតគូទៅវិញ។ ជាក់ស្តែងដូចជាតារាស្រីពីររូបនេះ ម្នាក់ៗសុទ្ធតែជោគជ័យនៅក្នុងអាជីព ទោះបានរៀបការត្រឹមត្រូវទៅតាមផ្លូវច្បាប់ទៅហើយក្តី តែចុងក្រោយនៅបែកគ្នា។
១. តារាចម្រៀងរ៉េប Cardi B
តារាចម្រៀងរ៉េបសញ្ជាតិអាមេរិក Cardi B បានរៀបការជាមួយតារាចម្រៀងរ៉េប Offset កាលពីឆ្នាំ ២០១៧។ នៅដើមខែសីហានេះ សារព័ត៌មានជាច្រើនបានចុះផ្សាយអំពីការដាក់ពាក្យលែងលះរបស់នាង ខណៈដែលនាងបានបង្ហោះរូបភាពកំពុងពពោះកូនទី ៣។ នាងបានរៀបរាប់នៅលើបណ្តាញសង្គមដែរថា នាងនឹងផ្តោតទៅលើកូនៗ និង អាជីពរបស់នាងវិញ។ ទន្ទឹមនឹងដាក់ពាក្យលែងលះ Cardi B មានកូន ៣ នាក់ មួយជាកូនស្រី ឈ្មោះ Kulture អាយុ ៦ ឆ្នាំ, កូនប្រុស ឈ្មោះ Wave ទើបអាយុ ២ ឆ្នាំ និង ម្នាក់ទៀតកំពុងត្រៀមសម្រាល។
២. តារាចម្រៀង និង សម្តែង Jennifer Lopez
តារាហូលីវូដ Jennifer Lopez បានរៀបការជាមួយ លោក Ben Affleck ជាតារាសម្តែង និង ផលិតករភាពយន្តកាលពីខែ កក្កដា ឆ្នាំ ២០២២។ ក្រោយរស់នៅជាប្តីប្រពន្ធបានតែពីរឆ្នាំ ថ្មីៗនេះ Jennifer Lopez បានដាក់ពាក្យលែងលះប្តីយ៉ាងតក់ក្រហល់។ រម្លឹកទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ពួកគេបានចាប់ផ្តើមសាងស្នេហ៍អំឡុងពេលថតភាពយន្តជាមួយគ្នា រឿង Gigli ក្នុងឆ្នាំ ២០០៣។ ពួកគេបានគម្រោងរៀបការនៅក្នុងឆ្នាំនោះ ប៉ុន្តែក៏ផ្អាកបិទបាំងទៅវិញនៅក្នុងឆ្នាំ ២០០៤។ លុះម្ភៃឆ្នាំក្រោយមក អ្នកទាំងពីរក៏សម្រេចចិត្តគិតឡើងវិញ ហើយរៀបការតែម្តង៕