(វីដេអូ) ជោគជ័យលើវិស័យបវរកញ្ញា ដល់ពេល ប្រាសាទ ដាវីន ទម្លាយក្ដីស្រមៃពីតូច ដាច់ចង្កេះភឹង
ពិតណាស់ កាលពីរាត្រីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ កម្មវិធីប្រកួតសម្រស់ Miss Universe Cambodia បានប្រកាសរកឃើញរាជិនីគ្រងមកុដថ្មីប្រចាំឆ្នាំ ២០២៤ ហើយ ដោយបានទៅលើស្ដ្រីដ៏មានសក្ដានុពល មានទាំងរូបសម្រស់ សមត្ថភាព និង ចំណេះដឹង គឺអ្នកនាង ប្រាសាទ ដាវីន។
ចំពោះតំណែងរាជិនីគ្រងមកុដ Miss Universe Cambodia 2024 របស់អ្នកម្ដាយកូន ១ អ្នកនាង ប្រាសាទ ដាវីន បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ក៏ដូចជាអ្នកសិល្បៈជាច្រើន បានបង្ហាញការអបអរដោយក្ដីស្រឡាញ់ពេញចិត្តជាខ្លាំង ព្រោះស្រ្តីរូបនេះ គឺជាបវរកញ្ញាដែលមានទាំងព្រម មិនថាបទពិសោធ ចំណេះដឹង សមត្ថភាព រូបរាងមុខមាត់នោះទេ អ្នកនាង ប្រាសាទ ដាវីន ពិតជាស័ក្តិសមតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិណាស់។
បើនិយាយពីជីវិតលើវិស័យបវរកញ្ញារបស់ម្ចាស់មកុដថ្មី Miss Universe Cambodia 2024 រូបនេះ មុននឹងទទួលបានតំណែងថ្មីមួយនេះ កន្លងមកអ្នកនាង ប្រាសាទ ដាវីន ក៏ធ្លាប់មានបទពិសោធ និង សាងកេរ្តិ៍ឈ្មោះល្បីក្នុងកម្មវិធីប្រកួតសម្រស់ទាំងក្នុងស្រុក និង ក្រៅស្រុកជាច្រើនដែរ។
ក្នុងនោះគេចាំបានថា ប្រាសាទ ដាវីន មានឈ្មោះជាអតីត Freshie Girl លេខ ៣ ឆ្នាំ ២០០៥ ដែលបានក្លាយជាតារាម៉ូដែលដ៏ល្បីឈ្មោះដល់បច្ចុប្បន្ន ព្រមទាំងមកដល់ឆ្នាំ ២០២៣ កន្លងទៅ អ្នកនាងក៏ទទួលបានតំណែងជា Universal Woman Cambodia 2023 និង បានចេញទៅប្រកួតលើឆាកអន្តរជាតិនៅឯទីក្រុងឌូបៃ ទទួលបានមកុដ 4th Runner Up ក្នុងកម្មវិធីប្រកួត Universal Women 2023។
ដោយឡែក ស្របពេលកាន់តែជោគជ័យលើវិស័យនេះមួយកម្រិតទៀតក្នុងកម្មវិធីបវរកញ្ញាឯកចក្រវាលនេះដែរ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ និង នឹកស្មានមិនដល់ ខណៈបានឃើញអ្នកនាង ប្រាសាទ ដាវីន ទម្លាយពីក្ដីស្រមៃរបស់ខ្លួន បានឱ្យដឹងថាកាលពីក្មេងនាងមិនធ្លាប់ស្រមៃចង់ក្លាយជាបវរកញ្ញាអីទេ ដោយនាងនៅក្មេងមានចរិតរឹងមាំដូចមនុស្សប្រុស និង ធ្លាប់ស្រមៃចង់ក្លាយជាយោធាម្នាក់ដូចប៉ា ដែលអ្នកនាងធ្លាប់ចង់ក្លាយជាស្រ្តីម្នាក់លោតឆ័ត្រយោងខាងយោធាទៀតផង៕