ផ្អែមទៅៗ នាង គន្ធា និង ម៉ាម៉ា កាន់តែបង្ហាញសម្ព័ន្ធភាពលើសពីមិត្ត ក្រោយទម្លាយពីទំនាក់ទំនងនឹងគ្នារួច
មហាជននិយមតាមដាន តារាចម្រៀងស្រី នាង គន្ធា អតីតបេក្ខភាព Cambodian Idol រដូវកាលទី ២ ច្បាស់ជាបានជ្រាបមកហើយពីប្រជាប្រិយភាពរបស់នាង ដែលកំពុងក្ដោបទីផ្សារការងារសិល្បៈច្រើនគួរសម ដោយតារាចម្រៀងស្រីរូបមិនសូវទំនេរនោះឡើយ ពោលគឺនាងមានវត្តមានក្នុងកម្មវិធីប្រគំតន្ត្រីមិនដាច់។
ក្រៅពីការតាមដានការងារសិល្បៈរបស់ កញ្ញា នាង គន្ធា ហើយនោះ អ្នកគាំទ្រក៏ចាប់អារម្មណ៍នឹងជីវិតឯកជនរបស់នាងដូចគ្នាដែរ ជាពិសេសនោះគឺពាក់ព័ន្ធនឹងរឿងរ៉ាវបេះដូង ដោយកាលពីអំឡុងឆ្នាំ ២០២៣ កន្លងទៅ កញ្ញា នាង គន្ធា បានបង្ហើបពីទំនាក់ទំនងលើសពីមិត្តរវាងតារាចម្រៀងស្រី កញ្ញា ម៉ាម៉ា។
ពិតណាស់ មុននឹងទម្លាយពីទំនាក់ទំនងនឹងកញ្ញា ម៉ាម៉ា នោះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា នាង គន្ធា ត្រូវបានមហាជនចាប់អារម្មណ៍ពីសកម្មភាពយ៉ាងស្និទ្ធស្នាលរវាងនាង និង ស្រីស្អាត ម៉ាម៉ា ដោយតែងឃើញវត្តមានរបស់អ្នកទាំងពីរទៅណាមកណាជាមួយគ្នា យកចិត្តទុកដាក់គ្នាខ្លាំង។
មិនត្រឹមប៉ុណ្ណោះ រាល់វីដេអូសកម្មភាព កាយវិការរបស់ នាង គន្ធា និង ម៉ាម៉ា ហាក់ផ្អែមល្ហែមខុសពីមិត្តធម្មតា ដែលកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រមានចម្ងល់ និង សង្ស័យថា អ្នកទាំងពីរអាចនឹងមានទំនាក់ទំនងស្នេហាជាមួយគ្នាទៀតផង។
បន្ទាប់ពីធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង សង្ស័យពីទំនាក់ទំនងហើយនោះ តារាចម្រៀងស្រីទាំង ២ ក៏មិនបានលាកលៀមទៀតនោះដែរ ដោយកាលពីថ្ងៃខួបកំណើតរបស់កញ្ញា នាង គន្ធា កាលពីអំឡុងឆ្នាំ ២០២៣ កន្លងទៅ ស្រីស្អាត ម៉ាម៉ា បង្ហាញរូបភាពយ៉ាងផ្អែមល្ហែម និង សារជូនពរ នាង គន្ធា ក្នុងថ្ងៃកំណើតយ៉ាងមានន័យបំផុតក្នុងនាមជាសង្សារ។
ក្រោយពីទម្លាយពីទំនាក់ទំនងស្នេហ៍នឹងគ្នាហើយ កញ្ញា នាង គន្ធា និង កញ្ញា ម៉ាម៉ា កាន់តែល្អូនល្អិនជារៀងរាល់ថ្ងៃ ដោយពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងស្រីទាំង ២ នៅក្បែរគ្នាគ្មានថ្ងៃលស់នោះទេ។ ក្នុងនោះ គេសង្កេតឃើញមិនថាបំពេញការងារផ្សេងៗនៅទីជិត ឬ ឆ្ងាយ អ្នកទាំង ២ រមែងបណ្តើរគ្នាត្រសងយ៉ាងផ្អែមល្ហែម៕