កំពុងខ្ទរខ្ទារលើវិស័យបវរកញ្ញា តែមិនស្មានជីវិតគ្រួសារ មៀលីយ៉ាន Top5 MUC បែរជាជួបរឿងឈឺចាប់នេះ
និយាយពី អ្នកនាង មៀលីយ៉ាន នីតា សាំង ជាបេក្ខនារី Top 5 Miss Universe Cambodia 2024 ដែលទើបតែបញ្ចប់ការប្រកួតថ្មីៗកន្លងទៅនេះ ដ្បិតតែអ្នកនាងមិនបានក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដប្រចាំឆ្នាំ ២០២៤ នេះមែន តែអ្នកនាងក៏ជាបេក្ខនារី Top 5 ដ៏លេចធ្លោពេញដោយសមត្ថភាព ចំណេះដឹង និង បទពិសោធច្រើន។
យ៉ាងណាមិញ បើក្រឡេកចាប់អារម្មណ៍ចំពោះបទពិសោធរបស់ មៀលីយ៉ាន វិញ ត្រូវបានគេដឹងថាជាបេក្ខភាពបវរកញ្ញាដែលធ្លាប់ឆ្លងកាត់ការប្រកួតប្រជែង មានបទពិសោធក្នុងវិស័យបវរកញ្ញាម្ដងហើយ គឺនៅអំឡុងឆ្នាំ ២០១៦ ដោយនាងជាម្ចាស់គ្រងមកុដ Miss Cambodian American 2016។ លើសពីនេះ អ្នកនាង មៀលីយ៉ាន ក៏បានរៀបការសាងគ្រួសារ និង មានកូន ២ នាក់ហើយដែរ។
ជាមួយនឹងការវិលត្រឡប់មកប្រឡូកក្នុងវិស័យបវរកញ្ញាម្ដងទៀតដើម្បីបន្តក្ដីស្រមៃនេះដែរ គឺបន្ទាប់ពីនាងកសាងគ្រួសារដ៏កក់ក្ដៅ និង បានពង្រឹងសមត្ថភាពផ្ទាល់ខ្លួននៅក្រៅប្រទេសកាន់តែខ្លាំងជាងមុន ដោយផ្ដោតទៅលើចំណេះដឹងអ្នកនាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រដល់ទៅ ២ ជំនាញទៀតផង។
ដោយឡែក ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងចំពោះ អ្នកនាង មៀលីយ៉ាន ខណៈចប់ការប្រកួតកម្មវិធី Miss Universe Cambodia ២០២៤ អ្នកគាំទ្របានឃើញ មៀលីយ៉ាន ទម្លាយទាក់ទងនឹងរឿងរ៉ាវជីវិតឯកជនខ្លះៗ។ ក្នុងនោះនាងបានឱ្យដឹងថា ការត្រឡប់មកលើវិស័យបវរកញ្ញាលើកនេះ គឺស្របពេលដែលអ្នកនាងបានជួបរឿងខកបំណងនៃជីវិតគ្រួសាររបស់នាង ពោលគឺអ្នកនាង និង ស្វាមីបានលែងលះគ្នា ដោយបានយកកូនទាំង ២ នាក់ ត្រឡប់មករស់នៅស្រុកកំណើតវិញជាមួយនឹងលោកតាលោកយាយបង្កើតរបស់អ្នកនាង៕