អ្នករ៉េបមិនមែនសុទ្ធតែសាវា! Kingchi ស្រឡាញ់ប្រពន្ធណាស់ លុយរកបានប្រគល់ឱ្យប្រពន្ធទុកអស់ៗ
Kingchi ត្រូវបានគេចាត់ទុកជាសិល្បកររៀមច្បងផ្នែកចម្រៀងរ៉េបមួយរូប ដែលពោរពេញដោយបទពិសោធ មានទេពកោសល្យ និង ទទួលបានការគោរពស្រឡាញ់ពីរៀមច្បង ព្រមទាំងសិស្សប្អូនជំនាន់ក្រោយៗជាច្រើន។
ងាកមកជីវិតឯកជនវិញ តារារ៉េបពូកែលេងពាក្យជួនរូបនេះ មានជីវិតគ្រួសារពោរពេញដោយសុភមង្គល ដោយលោកបានរៀបការជាមួយភរិយាជានារីពូកែម្នាក់ ព្រមទាំងទទួលបានកូន ២ នាក់ជាចំណងដៃ។ ជារឿយៗ Kingchi និង ភរិយាបណ្ដូលចិត្ត តែងបង្ហាញរូបថតជុំគ្រួសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ដែងពីការមើលថែយ៉ាងយកចិត្តទុកដាក់ចំពោះគ្នា ធ្វើឱ្យទំនាក់ទំនងរវាងប្ដីប្រពន្ធ និង កូនៗមានភាពស្និទ្ធស្នាល។
រំឭកដល់ភរិយាជាទីស្រឡាញ់របស់តារារ៉េប Kingchi កន្លងមក អ្នកនាងតែងលើកសរសើរពីភាពល្អរបស់ស្វាមី ការទទួលខុសត្រូវ និង ការបំពេញតួនាទីជាឪពុកជួយមើលថែកូន និង ជាប្ដីល្អដឹងទុកធុរៈភរិយា ហើយរឿងដែលមហាជនចាប់អារម្មណ៍បំផុតនោះ Kingchi ជាបុរសស្មោះស្នេហ៍ ទៅណាមកណាតែងរំឭកពីឈ្មោះភរិយា ហើយបើតាមការបង្ហើបពីភរិយារបស់លោកបានឱ្យដឹងថា Kingchi រកលុយបានមកប្រគល់ជូនប្រពន្ធឱ្យទុកដាក់ចាត់ចែងអស់ៗទៀតផង៕