ម៉ាលីន រេចិត្តមិនរើសក្រុមខៀវ ទៅចូលក្រុមក្រហមប៊ិះត្រឡប់ទៅផ្ទះ ព្រោះហេតុផលនេះ
កម្មវិធី MasterChef Cambodia រដូវកាលទី ៣ កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ កាន់តែក្តៅគគុកទៀតហើយ ព្រោះសប្តាហ៍ទី ១៦ នេះ មានបេក្ខជនដល់ទៅ ២ នាក់ ត្រូវបានចាកចេញពីកម្មវិធី ដោយក្នុងនោះរួមមាន បេក្ខជន សីលា បញ្ញា និង បេក្ខជន តាំង យូជីញ។
ក្នុងនោះ ការប្រកួតជម្រុះបេក្ខជនទី ១ ក្នុងចំណោម ២ នាក់នាសប្តាហ៍ទី ១៦ គឺត្រូវធ្វើការជាក្រុម ដោយមាន បេក្ខជន បញ្ញា និង បេក្ខជន រស្មី ធ្វើជាប្រធានក្រុម ហើយបើនរណាម្នាក់ដឹកនាំក្រុមបរាជ័យ ម្នាក់នោះនឹងត្រូវជម្រុះចេញពីកម្មវិធី។ ជាលទ្ធផល ក្រុមរបស់បេក្ខជន រស្មី ជាអ្នកទទួលជ័យជម្នះ ចំណែកឯ បញ្ញា ក៏ជាអ្នកចាកចេញពីការប្រកួត។
បកក្រោយបន្តិច មុននឹងចាប់ផ្តើមការប្រកួតជាក្រុមរវាងក្រុមក្រហម និង ក្រុមខៀវនោះ គឺបេក្ខជនដទៃទៀតមានសិទ្ធិជ្រើសរើសពណ៌អៀម ដែលខ្លួនពេញចិត្ត លើកលែងតែប្រធានក្រុម ២ រូប ប៉ុណ្ណោះ។ ក្នុងនោះ គេសង្កេតឃើញថា ក្រុមខៀវ គឺមានសមាជិកសុទ្ធតែជាអ្នកស្និទ្ធស្នាលគ្នា ដូចជា សុធារិទ្ធ, លីនណា, ដាឡែត, លីនដា និង សំអូន។ រីឯក្រុមក្រហមក៏មានសមាជិក ជាអ្នកធ្លាប់រួមការងារពីមុន ដូចជា ម៉ាលីន, សិលា, យូជីញ, វីល្លៀម និង ស្រីភ័ក្ត្រ ជាដើម។
តែអ្វីដែលអ្នកគាំទ្រទស្សនាមិនអស់ចិត្ត និង ចោទជាសំណួរទៅកាន់បេក្ខជន ម៉ាលីន ហេតុអ្វីមិនព្រមជ្រើសរើសក្រុមខៀវ ខណៈ ដាឡែត និង មិត្តស្និទ្ធស្នាលក្នុងក្រុមនោះស្ទើរទាំងអស់ទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ នាងប៊ិះនឹងអស់ឱកាសទៅវគ្គបន្ត ក៏ព្រោះសប្តាហ៍នេះ ម៉ាលីន ពាក់អៀមខ្មៅ និង បញ្ចេញថ្វីដៃមិនសូវបានល្អនោះទេ។
យ៉ាងណាមិញ ក្នុងកម្មវិធី កញ្ញា ម៉ាលីន ក៏បានផ្តល់ចម្លើយទៅកាន់អ្នកទស្សនារួចហើយថា៖ «នាង ក៏ចង់ទៅក្រុមខៀវខ្លាំង ហើយចិត្តនាក៏រេរា ប៉ុន្តែពេលនាងក្រឡេកមកក្រុមក្រហម គឺនាងឃើញ លោក សិលា ដែលធ្លាប់រួមការងារជាមួយគ្នាពីមុនបានល្អ។ ម្យ៉ាងវិញទៀត នាងក៏បានគិតថា ក្រុមខៀវសុទ្ធតែអ្នកខ្លាំងៗ បើសិនជាធ្លាក់ពាក់អៀមខ្មៅ នាងក៏ហានិភ័យដែរពេលប្រកួតបន្ត»៕