ចូលវ័យ ២៥ ឆ្នាំ បវរកញ្ញា អែម គុនថង មិនប្រាថ្នាទ្រព្យហូរហៀរ ប៉ងតែរឿងមួយសំខាន់បំផុតសម្រាប់ជីវិត
តាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ កញ្ញា អែម គុនថង នៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២៤ គឺជាថ្ងៃខួបកំណើតរបស់នាង ដែលឈានចូលវ័យ ២៥ ឆ្នាំ។ ទោះបីឡើងអាយុមួយឆ្នាំទៀតក្តី ប៉ុន្តែតាមរយៈរូបភាពដែលទើបថតថ្មីថ្មោង នាងហាក់កាន់តែស្រស់ស្អាត និង លេចធ្លោជាងមុន។
ថ្ងៃនេះឆ្លៀតបង្ហើបមកកាន់ «ប្រជាប្រិយ» អែម គុនថង Miss Global Cambodia 2022 នាងបាននិយាយថា៖ «សម្រាប់ខួបកំណើតឆ្នាំនេះ ខ្ញុំមិនប៉ងប្រាថ្នាអ្វីច្រើនឡើយ ដោយបួងសួងសុំត្រឹមតែមួយទេ គឺឱ្យខ្លួនឯងកាន់តែរីកចម្រើនថែមទៀត និង ជួយគ្រួសារធូរធារជាងមុន ជាពិសេស ប៉ាម៉ាក់មានសុខភាពល្អ នៅបានយូរអង្វែងមើលកូនជោគជ័យ»។
គួរឱ្យដឹងដែរថា អែម គុនថង ជាអតីតកញ្ញាឯកកម្ពុជាលំដាប់រងទី ១ ឆ្នាំ ២០១៦ និង ជាកញ្ញាឯកភពផែនដីកម្ពុជា ឆ្នាំ ២០១៧ ដែលតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិនៃកម្មវិធី Miss Earth International 2017 នៅប្រទេសហ្វីលីពីន កាលឆ្នាំ ២០១៧ កន្លងទៅ៕