(វីដេអូ) ភីងៗរហូត! មានស្នេហាចូលខ្លួន ម៉ាលីន និង ដាឡែត ញ៉ាំម្រះលែងដឹងល្វីងបែរថាផ្អែមឆ្ងាញ់ ធ្វើឱ្យ សុធារិទ្ធ គាំង
ទំនាក់ទំនងរវាងបេក្ខជន MasterChef Cambodia រដូវកាលទី ៣ គឺកញ្ញា ឆៃ តារាម៉ាលីន និង លោក ចៅ ដាឡែត កាន់តែធ្វើឱ្យទស្សនិកជនតាមដានដូចរឿងភាគ បន្ទាប់ពីឃើញសកម្មភាពរបស់ពួកគេទាំងពីរ កាន់តែផ្អែមល្ហែម ស្និទ្ធស្នាល បណ្ដើរគ្នាទៅណាមកណាដូចលលកញីឈ្មោល។
ដូចគេថាពេលមានស្នេហា ពិភពលោកប្រែក្លាយជាស៊ីជម្ពូ មើលឃើញអ្វីៗនៅជុំវិញខ្លួនក៏ផ្អែមជានិច្ច ដោយពេលនេះបានជួបផ្ទាល់ហើយ ពេលកំពុងមានពាក្យចចាមអារ៉ាមពីទំនាក់ទំនងស្នេហានឹងគ្នា ម៉ាលីន និង ដាឡែត ទៅណាមកណាក៏មានតែស្នាមញញឹម សូម្បីតែញ៉ាំផ្លែម្រះក៏លែងដឹងរសជាតិល្វីងដែរ។
ជាក់ស្ដែងថ្មីៗនេះ សំ សុធារិទ្ធ ដែលជាមិត្តភក្ដិក្នុងការប្រកួត MasterChef Cambodia រដូវកាលទី ៣ ជាមួយគ្នា បានបង្ហោះវីដេអូមួយ ដោយឱ្យ ម៉ាលីន និង ដាឡែត ញ៉ាំផ្លែម្រះ ប៉ុន្ដែអ្វីដែលអ្នកគាំទ្រអស់សំណើច លាយឡំជាមួយអារម្មណ៍រំភើបបំផុតនោះគឺ អ្នកទាំងពីរញ៉ាំម្រះមិនបានប្រាប់ថាល្វីងទេ បែរជានិយាយថាផ្អែមឆ្ងាញ់ទៅវិញ ជាពិសេស ដាឡែត បុរសមុខស្មើដែលមិនសូវចេះញញឹម ក៏ប្រាប់ថា ម្រះមានរសជាតិផ្អែមដែរ៕