ថៅកែ LD លោក លៀក លីដា បង្ហើបថារឿង «ប្រវត្តិស្នេហ៍នាងនាថ» ខាតដើម សង្ឃឹមវគ្គ ២ នឹងអាចរួចខ្លួន
នៅសល់ប្រមាណជា ១ សប្ដាហ៍ទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ១៩ ខែកញ្ញា ខាងមុខនេះ ផលិតកម្ម LD នឹងបញ្ចេញរឿង «ប្រវត្តិស្នេហ៍នាងនាថ» វគ្គ ២ ឱ្យចាក់បញ្ចាំងនៅតាមបណ្ដារោងកុនផ្សេងៗក្នុងប្រទេសកម្ពុជាហើយ ខណៈរឿងវគ្គ ១ បានបញ្ចាំងចប់ និង ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងច្រើនគួរឱ្យកត់សម្គាល់ពីសំណាក់ទស្សនិកជន។
បើតាមការបង្ហើបពីផលិតករផ្ទាល់ ខ្សែភាពយន្ត «ប្រវត្តិស្នេហ៍នាងនាថ» នេះ បានចំណាយទុនក្នុងការផលិតច្រើនសន្ធឹកសន្ធាប់ណាស់ ហើយបើទោះបីជារឿងមួយនេះ មានការរិះគន់ក្នុងន័យស្ថាបនាមួយចំនួនមែន ប៉ុន្ដែក្នុងនោះក៏មានការកោតសរសើរយ៉ាងច្រើនទៅលើការរីកចម្រើននៃវិស័យកុនខ្មែរ ដែលមើលទៅកាន់តែមានគុណភាពជាងមុន ដែលអាចអូសទាញអារម្មណ៍ទស្សនិកជនឱ្យទិញសំបុត្រចូលទស្សនាច្រើនកុះករ។
ទោះបីជាសន្ទុះនៃការគាំទ្រពីមហាជនទៅលើរឿងកុនមួយនេះក្ដី តែបើតាមការអះអាងរបស់លោក លៀក លីដា ដែលជាផលិតករ និង ជាចាងហ្វាងផលិតកម្ម LD ផ្ទាល់បានឱ្យដឹងថា ចំណូលបានពីរឿងមួយនេះ មិនទាន់រួចដើមនៅឡើយទេ តែលោកសង្ឃឹមថា នៅវគ្គ ២ នឹងអាចមានការគាំទ្រកាន់តែច្រើនជាងមុន ដើម្បីឱ្យផលិតករមានទុនផលិតរឿងមានគុណភាពបន្តទៀត។
លោក លៀក លីដា បានលើកឡើងថា ៖ «វគ្គមួយ យើងខាតលុយបន្តិចបន្តួច ប៉ុន្តែក្រុមផលិត និង investor របស់យើងសប្បាយចិត្តនូវលទ្ធផលដែលបងប្អូនចូលរួមគាំទ្រ និង មានការលើកសរសើរគ្រប់ៗគ្នា។ សង្ឃឹមថាវគ្គ 2 នេះនឹងមានកំណើននៃការគាំទ្រកើនឡើងច្រើនជាងវគ្គ 1 ដើម្បីឱ្យក្រុមផលិតរបស់យើងខ្ញុំរួមទាំង investors បានទុនដើម្បីផលិតរឿងដែលមានគុណភាពល្អៗបន្តទៀត»៕