ផ្អើលអ្នកគាំទ្រ! វៃយីងលូ ឬ ស្នំលីង និង ព្រះអង្គម្ចាស់ ហុងចូវ ល្បីក្នុងរឿង «ជម្លោះដំណាក់យ៉ានស៊ី» ដឹកដៃគ្នារៀបការ
មហាជនតាមបណ្ដាញសង្គមនៅចិនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាសម្ដែងចិនដ៏ល្បី ២ រូបគឺនាង Wu Jinyan និង តារាប្រុស Hong Yao បានចេញមកប្រកាសដំណឹងល្អថាពួកគេទាំងពីរបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធពេញច្បាប់ហើយ។
គូស្នេហ៍តារាសម្ដែងមួយគូនេះ បានធ្វើការប្រកាសដំណឹងល្អរបស់ពួកគេដំណាលគ្នាលើបណ្ដាញសង្គម Weibo ផ្ទាល់ខ្លួននៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ដោយការប្រកាសសរសេរថា ៖ «បានរៀបការួចហើយនៅថ្ងៃនេះ» អមមកជាមួយរូបភាព ២ សន្លឹក មួយជារូបសៀវភៅអាពាហ៍ពិពាហ៍របស់ពួកគេ និង មួយទៀតជារូបថតគូសម្រាប់សៀវភៅអាពាហ៍ពិពាហ៍នោះ។
គួររំឭកថា តារាសម្ដែងស្រី Wu Jinyan អាយុ ៣៤ ឆ្នាំ និង តារាសម្ដែងប្រុស Hong Yao អាយុ ៣២ ឆ្នាំ បានផ្ទុះប្រជាប្រិយភាពខ្លាំង ក្រោយពួកគេមានវត្តមានសម្ដែងជាមួយគ្នាក្នុងខ្សែភាពយន្តភាគបុរាណចិនដ៏ល្បី «Story Of Yanxi Palace» ឬ នៅខ្មែរហៅថា «ជម្លោះដំណាក់យ៉ានស៊ី»។ ក្នុងរឿងនោះ Wu Jinyan សម្ដែងជាតួអង្គ Wei Yingluo មានតំណែងជា ស្នំលីង របស់ស្ដេច ឈានឡុង ខណៈលោក Hong Yao សម្ដែងជាតួព្រះអង្គម្ចាស់ He ឬ ហៅថា Hongzhou ជាប្អូនប្រុសរបស់ស្ដេច ឈានឡុង។
បើទោះជាក្នុងសាច់រឿង ពួកគេទាំងពីរមិនមានឈុតឆាកស្នេហាជាមួយគ្នាក្ដី ប៉ុន្តែតារាមួយគូនេះបានចាប់ចិត្តលើគ្នានៅខាងក្រៅឆាក។ ជាក់ស្ដែង កាលពីឆ្នាំ ២០១៩ កន្លងទៅ បន្ទាប់ពីចាក់បញ្ចាំងរឿង «Story Of Yanxi Palace» ឬ នៅខ្មែរហៅថា «ជម្លោះដំណាក់យ៉ានស៊ី» បាន ១ ឆ្នាំ តារាទាំងគូនេះត្រូវបានផ្ទុះផ្អើលថាទាក់ទងគ្នា ក្រោយមានអ្នកប្រទះឃើញអ្នកទាំងពីរដើរលេងជាមួយគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែចចាមអារ៉ាមស្នេហានៅពេលនោះ ត្រូវបានខាងស្រីបដិសេធ៕
ប្រភព៖ Straitstimes