តារាម៉ូដែលដ៏ល្បីនៅកូរ៉េខាងត្បូង Shin Haeri ទទួលមរណភាពទាំងវ័យត្រឹម ៣២ ឆ្នាំ
កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ តារាម៉ូដែលឡានប្រណាំង Jo Inyoung បានចែករំលែកដំណឹងដ៏ក្រៀមក្រំមួយលើបណ្ដាញសង្គមរបស់នាង ដោយបានទម្លាយថាតារាម៉ូដែលកីឡាប្រដាល់ដ៏ល្បី Shin Haeri ដែលមានឈ្មោះពិតថា Shin Hwa Jin បានទទួលមរណភាពទៅហើយក្នុងវ័យត្រឹម ៣២ ឆ្នាំ។
ក្នុងការបង្ហោះនោះដែរនាងបានសរសេររៀបរាប់ថា៖ «សូមធ្វើការរំលែកទុក្ខ និង បួងសួងឱ្យដល់ Haeri ដើម្បីកុំឱ្យនាងមានអារម្មណ៍ថាឯកាលើដំណើរផ្លូវចុងក្រោយរបស់នាង»។ គួរបញ្ជាក់ថា ពិធីបុណ្យសពរបស់នាងនឹងប្រារព្ធធ្វើឡើងនៅមន្ទីរពេទ្យ Deojeoun Care Hospital នាស្រុក Nowon ក្រុងសេអ៊ូល ក្នុងបន្ទប់លេខ ៥ ហើយសម្រាប់ពិធីបញ្ចុះសពវិញ គឺធ្វើឡើងនៅរសៀលថ្ងៃទី ១៥ ខែកញ្ញា។
ក្រោយទទួលដំណឹងមរណភាពភ្លាមៗរបស់តារាម៉ូដែលរូបនេះ លើបណ្ដាញសង្គមរបស់នាងទទួលបានការខមមិន និង ផ្ញើសាររំលែកទុក្ខ និង បួងសួងសូមឱ្យនាងបានទៅកាន់កន្លែងស្ងប់សុខព្រោងព្រាត។ នាង Shin Haeri ផ្ទុះការទទួលស្គាល់កាលពីឆ្នាំ ២០១២ ក្រោយបង្ហាញខ្លួនប្រកួតក្នុងការប្រកួតបវរកញ្ញា Miss Korea និង ធ្វើការជាតារាម៉ូដែលឡានប្រណាំងចន្លោះឆ្នាំ ២០១៤ ទៅ ២០១៩។
ចាប់តាំងពីឆ្នាំ ២០១៨ មក នាងក៏សកម្មក្នុងនាមជាតារាម៉ូដែលឱ្យក្លឹបប្រដាល់ MMA (Road FC) ផងដែរ។ នាងធ្លាប់ព្យាយាមឈានជើងចូលប្រឡូកក្នុងវិស័យសម្ដែងដែលធ្លាប់ចូលធ្វើជាតួរងឱ្យរឿងរបស់ MBC មួយចំនួនដែរ ប៉ុន្តែគឺមិនទទួលបានជោគជ័យលើវិស័យនេះឡើយ៕
ប្រភព៖ lovekpop95