៥ យ៉ាង ឱក សុគន្ធកញ្ញា បង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យចម្រៀង បន្ទាប់ពីការប្រគំតន្ត្រីទោលលើកដំបូង
ការប្រគំតន្ត្រី The Q – Rise of The Queen លើកដំបូងរបស់តារាចម្រៀងល្បីជួរមុខនៅកម្ពុជា ឱក សុគន្ធកញ្ញា បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៤ ។ ហ្វេនៗពិតជាមានការសាទរ និង ពេញចិត្តយ៉ាងខ្លាំង ដែលតារាចម្រៀងក្នុងដួងចិត្ត បានបង្កើតនូវព្រឹត្តិការណ៍ដ៏អស្ចារ្យ ក្លាយជាការចងចាំមួយមិនអាចបំភ្លេចបាន។
បើទោះកន្លងមក ឱក សុគន្ធកញ្ញា ធ្លាប់បង្ហាញមុខច្រៀងតាមខនសឺតជាច្រើន ប៉ុន្តែការប្រគំតន្ត្រីទោលនេះ បានបង្កើតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់នាង ក៏ដូចជាវិស័យចម្រៀងនៅកម្ពុជា។ យើងសូមលើកពីចំណុច ៥ យ៉ាង ដែល ឱក សុគន្ធកញ្ញា បានសាងជាប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះ។
១. ការប្រគំតន្ត្រីទោលអស្ចារ្យមិនធ្លាប់មាន
តាំងពីបោះជំហានចូលសិល្បៈមកដល់បច្ចុប្បន្ន ឱក សុគន្ធកញ្ញា បានបង្ហាញមុខតាមការប្រគំតន្ត្រីជាច្រើនរាប់មិនអស់ ប៉ុន្តែនេះជាលើកទីមួយហើយ ដែលនាងបានបង្កើតការប្រគំតន្ត្រីទោលសម្រាប់អាជីពចម្រៀងរបស់ខ្លួន។ ការប្រគំតន្ត្រីបានរៀបចំឡើងយ៉ាងឥតខ្ចោះ រាប់តាំងពីបច្ចេកទេសឆាក ភ្លេង តន្ត្រី ការស្លៀកពាក់ ក្បាច់រាំ រហូតដល់ ដល់កន្លែងអង្គុយទស្សនា ហ្វេនៗមានការពេញចិត្តជាខ្លាំង។
២. រៀបចំឡើងចំថ្ងៃពិសេស
ជាការប្រគំតន្ត្រីទោលលើកដំបូង ឱក សុគន្ធកញ្ញា ក៏បានជ្រើសរើសធ្វើឡើងចំថ្ងៃដ៏ពិសេស គឺធ្វើចំថ្ងៃខួបកំណើតរបស់នាងតែម្តង។ វាបន្សល់នូវការចងចាំដ៏រំភើបរីករាយរវាងនាង និង អ្នកគាំទ្រ។ អ្វីកាន់តែគួរឱ្យរំភើបទៀតនោះ នៅចុងកម្មវិធីម្តាយរបស់ ឱក សុគន្ធកញ្ញា បាន surprise នាងជាមួយនំខេក ព្រមជាមួយវត្តមានរបស់ស្វាមី និង កូនផងដែរ។
៣. ការគាំទ្រពេញទំហឹង
ដំបូងឡើយគ្រាន់តែឮរហៀងៗថា ឱក សុគន្ធកញ្ញា អាចនឹងធ្វើកម្មវិធីប្រគំតន្ត្រីទោល ភ្លាមនោះហ្វេនៗគ្រប់វ័យស្រទាប់បាននាំគ្នាចែកចាយពេញបណ្តាញសង្គម ដោយចង់ឱ្យការប្រគំតន្ត្រីនេះក្លាយជាការពិត។ ដូចក្តីរំពឹងទុក និង មិននឹកស្មានដល់ គ្រាន់តែកម្មវិធីប្រកាសលក់សំបុត្រភ្លាម ហ្វេនៗបាននាំគ្នាបញ្ជាទិញអស់ក្នុងរយៈពេលដ៏ខ្លីបំផុត។
៤. ច្រៀងជិត ៤០ បទ
ស្ទើរមិនគួរឱ្យជឿ ក្នុងការប្រគំតន្ត្រីប្រមាណជាង ៣ ម៉ោង ឱក សុគន្ធកញ្ញា បានច្រៀង និង សម្តែងរហូតដល់ទៅជិត ៤០ បទ។ សំខាន់ច្រៀងមិនបែកសំឡេង ពិរោះដូចជាចាក់ឌីស សម្តែងមិនខ្ចីហត់ នេះពិតហៅថាតារាចម្រៀងពោរពេញដោយសមត្ថភាពពិតៗ។ ជាពិសេស នាងបានលើកបទចម្រៀងចាស់ៗ បូករួមបទថ្មីៗមកច្រៀង សុទ្ធតែជាបទចាក់ដោត ធ្វើឱ្យហ្វេនច្រៀងតាមផង រាំផង និង នឹកឃើញដល់អនុស្សាវរីយ៍ចាស់ៗផងដែរ។
៥. ភាពជោគជ័យ និង បង្កើតប្រវត្តិសាស្ត្រនៅក្នុងវិស័យចម្រៀង
ជាមួយការគាំទ្រពេញទំហឹង អាចចាត់ទុកនេះជាភាពជោគ័យដ៏ធំមួយរបស់ ឱក សុគន្ធកញ្ញា លើវិថីអាជីពនៅក្នុងវិស័យតន្ត្រី។ វាក៏ជារូបភាពមួយដែលតារាចម្រៀងគ្រប់រូប ចង់ឱ្យកើតមានឡើងនៅក្នុងជីវិតអាជីពរបស់ខ្លួន។ ការគាំទ្រនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ដែរថា មហាជនពិតជាស្រលាញ់គាំទ្រទៅលើសិល្បៈតន្ត្រីនៅកម្ពុជា ហើយវាក៏ជាគំរូ ក៏ដូចជាថាមពលមួយ ដែលជំរុញឱ្យសិល្បករដទៃទៀត មានកម្លាំងចិត្តក្នុងការបង្កើតនូវអ្វីដែលថ្មី ធ្វើឱ្យវិស័យចម្រៀងនៅកម្ពុជាមានភាពរីកចម្រើនមិនចាញ់បរទេស៕