ទិន ហ្វី ត្រូវមហាជនរិះគន់យ៉ាងចាស់ដៃ រឿងចូលចិត្តថតកុនស្ទីលដដែលៗ គ្មានភាពច្នៃប្រឌិតថ្មី
ស្ដេចកំប្លែងហុងកុង Stephen Chow ឬ មហាជនខ្មែរនិយមហៅ ទិន ហ្វី ថ្មីៗនេះទទួលរងមតិរិះគន់យ៉ាងច្រើនពីមហាជនក្នុងស្រុកជុំវិញការលើកតែរឿងចាស់ៗយកមកថតឡើងវិញ មិនមានភាពច្នៃប្រឌិតបង្កើតសាច់រឿងថ្មី។
បើតាម Securities Times បានឱ្យដឹងថា តារាសម្ដែងប្រុសវ័យ ៦២ ឆ្នាំរូបនេះ ថ្មីៗនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញការងាររបស់លោក។ ជាក់ស្ដែង ខ្សែភាពយន្តរឿង «God of Food» ដែលជារឿងចាស់មួយមានលោកជាអ្នកដឹក និង សម្ដែងដោយផ្ទាល់កាលពី ២៨ ឆ្នាំមុន បានចាក់ផ្សាយឡើងវិញនៅក្នងរោងកុនកាលពីដើមខែកញ្ញាកន្លងទៅ ប៉ុន្តែរកបានចំណូលទាបខ្លាំងបានត្រឹម ៦ លានយ័ន (ប្រមាណ ៨៤៥ ៨៤៤ ដុល្លារ) ប៉ុណ្ណោះ។
ជាមួយគ្នានោះដែរក្នុងដើមខែកញ្ញាដដែលនេះ លោកក៏បានប្រកាសថតខ្សែភាពយន្តខ្លីមួយយកលំនាំតាមរឿងចាស់ជំនាន់ឆ្នាំ ១៩៩៥ «A Chinese Odyssey» ហើយលោកក៏គ្រោងនឹងផលិតរឿងបែប animation នៃរឿង «God of Food» ផងដែរ។
បន្ថែមពីនេះ ការងារថ្មីៗរបស់ទិន ហ្វី ក៏យកតែលំនាំរបៀបតាមរឿងចាស់ៗដូចជារឿង «King of Comedy» និង «Journey to the West: The Second Coming» ជាដើម ដោយការយកលំនាំរឿងដដែលៗនេះ បានធ្វើឱ្យលោកទទួលបានការរិះគន់ដូចទឹកបាក់ទំនប់ថាលោកអស់ភាពច្នៃប្រឌិតហើយ ថតរឿងរបៀបដដែលៗមិនទាន់សម័យកាលសោះ។
គួរឱ្យដឹងថា ទិន ហ្វី ធ្លាប់ទទួលស្គាល់ដែរថា លោកគឺងប់ងល់នឹងការធ្វើរឿងដដែលៗឱ្យខ្លួនឯង។ អំឡុងពេលផ្សព្វផ្សាយរឿង «King of Comedy» កាលពីឆ្នាំ ២០១៩ លោកបាននិយាយថា៖ «ជីវិតខ្ញុំមានឡើងមានចុះ។ តាមពិតទៅ ពេលវេលាខ្ញុំបានមកដល់ហើយ»។
ទោះជួបបញ្ហាបែបណា តារាសម្ដែងទិន ហ្វី នៅតែដើរតាមក្ដីស្រមៃ និង គម្រោងរបស់លោកដដែលមិនបិទខ្លួនឯងនោះឡើយ។ បច្ចុប្បន្ន ការងារដែល ទិន ហ្វី ចូលរួមខ្លាំងជាងគេបំផុតនោះគឺរឿង «Mermaid 2»។
តាមសារព័ត៌មាន Next Apple បានឱ្យដឹងថា រឿងនេះដែរថតតាំងពី ២ ឆ្នាំមុនឯណោះ ប៉ុន្តែអ្នកដឹកនាំមិនទាន់ត្រូវចិត្ត ហើយនៅស្ទាក់ស្ទើមិនចង់ចេញផ្សាយ។ អ្នកដឹកនាំរឿង Wong Jing បាននិយាយថា ភាពយន្តថ្មីៗរបស់ ទិន ហ្វី គឺមិនទទួលបានជោគជ័យប៉ុន្មាននោះទេ ដែលជាហេតុធ្វើឱ្យលោកមានសម្ពាធជាខ្លាំងជាមួយនឹងការងារថ្មីក្រោយៗ។ អ្នកដឹកនាំដដែលបានបន្តទៀតថា លោកសង្ឃឹមថារឿង «Mermaid 2» នឹងក្លាយជារឿងថ្មីដ៏ជោគជ័យបំផុតមួយសម្រាប់លោក ទិន ហ្វី៕
ប្រភព៖ VN Express