(វីដេអូ) គ្រីស ឌីណា បកស្រាយយ៉ាងតក់ក្រហល់ រឿងយល់ច្រឡំថាលោកហក់ឡើងឡាន Speed ដោយគ្មានការអនុញ្ញាត យប់មិញ
ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅលើទឹកដីខេត្តសៀមរាបយប់មិញនេះ ខណៈ Youtuber ល្បីឈ្មោះ IShowSpeed បានធ្វើដំណើរទៅដល់ទឹកដីអង្គរភ្លាម លោកក៏បានធ្វើការ Live Stream លើ Youtube ដែលឃើញមានបងប្អូនមហាជនអ្នកគាំទ្រខ្មែរជាច្រើនបានចោមរោមទទួលស្វាគមន៍ និង សុំហត្ថលេខាពីលោក Speed ប្រកបដោយការស្រឡាញ់គាំទ្រ។
ក្នុងនោះ គេក៏បានឃើញអ្នកបង្កើតមាតិកាល្បីឈ្មោះរបស់កម្ពុជាយើង គឺលោក គ្រីស ឌីណា ក៏បានទៅចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 ដោយបានប្រជ្រៀតគ្នាជាមួយអ្នកគាំទ្រផ្សេងទៀត ដើម្បីបានជួប និង សុំហត្ថលេខាផ្ទាល់ពី IShowSpeed ផងដែរ។
លើសពីនេះ អ្វីដែលធ្វើឱ្យអ្នកទស្សនាការឡាយរបស់ IShowSpeed បានផ្ទុះការចាប់អារម្មណ៍ និង បាននាំគ្នាកាត់តវីដេអូចែករំលែកកាន់តែច្រើន ចំពោះសកម្មភាពរបស់លោក គ្រីស ឌីណា បានកាន់ Play Button របស់ខ្លួនហុចឱ្យ IShowSpeed ដើម្បីចុះហត្ថលេខា ប៉ុន្តែពេលនោះលោកក៏បានប្រុងនឹងហក់ឡើងលើឡាន IShowSpeed ដែលត្រូវបានអង្គរក្សការពារចាប់ទាញចុះវិញភ្លាមៗ ដែលធ្វើឱ្យមហាជនអ្នកទស្សនាលើកយកមកវែកញែកទៅលើ គ្រីស ឌីណា ផ្សេងៗគ្នា។
ភ្លាមៗនោះដែរ ក្រោយពីបានដឹងខ្លួនថាបង្កើតកំហុសដោយអចេតនា គ្រីស ឌីណា ក៏បានបង្ហោះសារមួយបកស្រាយជុំវិញរឿងលោកបានហក់ឡើងលើឡាន IShowSpeed នេះដែរថា ៖ «ដើម្បីកុំឱ្យយល់ច្រឡំ អត់មានបំណងឡើងឡានដោយគ្មានការអនុញ្ញាតទេ។ ឃើញបក់ដៃឱ្យហុច Play Button ឱ្យគាត់ ស្មានតែបក់ឱ្យឡើងឡាន វែកញែក soon»។
បន្ទាប់ពីបង្ហោះសារបែបនេះរួច មិនយូរប៉ុន្មានលោក គ្រីស ឌីណា ក៏បានចេញវីដេអូមួយទៀត ដើម្បីបកស្រាយបន្ថែមជុំវិញសកម្មភាពរបស់ខ្លួន ដើម្បីចៀសវាងការយល់ច្រឡំ និង មានការវែកញែកកាន់តែខ្លាំងពីមហាជន ដោយលោកបានបញ្ជាក់ៗច្បាស់ថារូបលោកពុំមានចេតនាហក់ឡើងលើឡាន Speed ដោយគ្មានការអនុញ្ញាតឡើយ ប៉ុន្ដែពេលនោះលោកមានការយល់ច្រឡំថា Speed បានបក់ដៃហៅឱ្យលោកឡើងលើឡាន តែយ៉ាងណា ឌីណា ក៏ទទួលស្គាល់ថានេះជាកំហុសរបស់លោកមែន៕
សូមទស្សនាវីដេអូខាងក្រោម៖