ឆ្នាំមុន Private ហៅគ្នាត្រឹមមិត្តភក្តិ ខួបកំណើតគូស្នេហ៍ឆ្នាំនេះ សុភ័ក្ត្រ កុសុម៉ា មិនទុកទៀតទេ
មកដល់ពេលនេះ មហាជនអ្នកគាំទ្ររបស់ពិធីការិនី សុភ័ក្រ្ត កុសុម៉ា នៅតែរំភើបចិត្តចំពោះរឿងរ៉ាវស្នេហារបស់នាង ដែលត្រូវបានគូស្នេហ៍រូបសង្ហាលត់ជង្គង់សុំរៀបការកាលពីថ្មីៗកន្លងទៅ ធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលចែករំលែក និង អបអរខ្លាំងចំពោះពិធីការិនីរូបនេះ។
លើសពីនេះ ស្របពេលបង្ហោះវីដេអូនៃសកម្មភាពគូស្នេហ៍សុំរៀបការ សុភ័ក្រ្ត កុសុម៉ា ក៏បានបើកបង្ហាញពីទំនាក់ទំនាក់ស្នេហារបស់នាង និង គូស្នេហ៍រូបសង្ហា Phalla Aloo លើបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈ ដោយបានឱ្យដឹងថាអ្នកទាំងពីរបានបង្កាត់ភ្លើងស្នេហ៍ Private អស់រយៈពេលជិត ២ ឆ្នាំមកហើយ។
បន្ទាប់ពីបើកបង្ហាញរឿងរ៉ាវស្នេហ៍ជាសាធារណៈពេញមុខពេញមាត់ សុភ័ក្រ្ត កុសុម៉ា និង គូស្នេហ៍ ធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍តាមដានពីចំណងស្នេហាដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរ តាមរយៈសកម្មភាពវីដេអូខ្លីៗ និង ពាក្យសម្ដីផ្សេងៗបង្ហោះចែករំលែកពេញបណ្ដាញសង្គម។ ម្យ៉ាងវិញទៀត អ្នកទាំង ២ ក៏បានបង្ហើបដំរួយរៀបការ ថាអាចនឹងមិនយូរទៀតនោះទេ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ គឺជាថ្ងៃកំណើតរបស់គូស្នេហ៍របស់កញ្ញា សុភ័ក្រ្ត កុសុម៉ា គេបានឃើញតារាស្រីរូបនេះ បានបង្ហោះសារជូនពរថ្ងៃកំណើតម្ចាស់បេះដូង ដោយខុសប្លែកពីឆ្នាំមុនៗ ដែលបានត្រឹមបង្ហោះប្រើពាក្យថា មិត្តភក្តិ។ ក្នុងនោះ អ្វីដែលធ្វើឱ្យអ្នកគាំទ្រហួសចិត្ត សារអបអរថ្ងៃកំណើតគូស្នេហ៍ កញ្ញា សុភ័ក្ត្រ កុសុម៉ា បែរជារៀបរាប់ ដូចជាការជូនពរខ្លួនឯងទៅវិញ។
សារនោះ សុភ័ក្ត្រ កុសុម៉ា រៀបរាប់ថា៖ «រីករាយថ្ងៃកំណើតពូឡា ជូនពរបងស្រលាញ់អូន ងប់ងល់អូនឱ្យខ្លាំងៗ! ជាពិសេសបំពេញបំណងអូនគ្រប់បែបយ៉ាង ឱ្យតែអូនចង់បាន។ អរគុណបងសម្លាញ់ ដែលតែងតែនៅក្បែរផ្តល់ស្នាមញញឹមជូនអូនគ្រប់ពេល I love you ពូញ៉ាញ់»។ លើសពីនោះ នាងបានខមមិនលើសារខាងលើបន្ថែមថា៖ «ឆ្នាំនេះបានផុសជូនពរបងហើយ គ្រាន់តែថាជូនពរដូចជូនខ្លួនឯង»៕