ឧកញ៉ា ខេមរៈ សិរីមន្ត ស្លៀកឈុតព្រះបាទជ័យវរ្ម័នទី ៧ ល្បីពេញហ្វេសប៊ុក ស្រាប់តែឧកញ៉ាបង្ហាញអារម្មណ៍នេះ
នៅថ្ងៃទី ១៦ និង ទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ ព្រឹត្តិការណ៍ GUMBALL 3000 បានរៀបចំនៅលើទឹកដីខេត្តសៀមរាប ដែលមានការចូលរួមដោយបងប្អូនអ្នកស្នេហាវិស័យរថយន្តទំនើបៗ តារាល្បីៗ អ្នកបង្កើតមតិកា និង YouTuber លំដាប់អន្តរជាតិ ក៏ដូចជាអ្នកជំនួញមានមុខមាត់ជាច្រើន។
ក្នុងព្រឹត្តិការណ៍ GUMBALL 3000 លើទឹកដីអង្គរខេត្តសៀមរាបនេះដែរ ក៏បានឃើញមានការរៀបចំការសម្ដែងទស្សនីយភាពខ្លះៗបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរនៅឯមុខប្រាសាទបាយ័ន និង ប្រាសាទអង្គវត្ត ដើម្បីជាការទទួលស្វាគមន៍ដល់អ្នកចូលរួមទាំងក្នុងស្រុក និង អន្តរជាតិ។
ដោយឡែក ក្រឡេកទៅមើល ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះដូចគ្នាដែរ ដោយកំពូលតារាចម្រៀងរូបនេះ បានយកឡានទំនើបរបស់ខ្លួនចូលរួមបង្ហាញក្នុងកម្មវិធី ក៏ដូចជាបានចូលរួមសម្តែងការប្រគំតន្ត្រីដ៏ធំកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ ដែរ។
ម្យ៉ាងវិញទៀត អ្វីដែលកាន់តែចាប់អារម្មណ៍ក្នុងដំណើរនៃការមកកាន់ទឹកដីខេត្តសៀមរាប ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានអញ្ជើញចូលរួមដែរ ហើយអ្វីកាន់តែពិសេស គឺនៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ឧកញ៉ា ខេមរៈ សិរីមន្ត បានតែងតួគ្រងឈុតព្រះបាទជ័យវរ្ម័នទី ៧ បង្ហាញនៅខាងមុខប្រាសាទអង្គរវត្តទៀតផង។
ក្រោយពីបានបង្ហាញគ្រងឈុតខាងលើហើយនោះ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបង្ហាញអារម្មណ៍ដោយការបង្ហោះសារមួយឃ្លានៅលើគណនីហ្វេសប៊ុកថា៖ «ខ្ញុំបាទបានគ្រងឈុតព្រះបាទជយវរ័្មនទី ៧ ខ្ញុំពិតជាមានក្តីរំភើបរីករាយឥតឧបមា និង មានមោទកភាពចំពោះទ្រង់ខ្លាំងណាស់ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត»៕
រូបភាព៖ GUBALL 3000