មិនធម្មតា! បទពិសោធសិល្បៈពីសិង្ហបុរី កំលោះ អ៊ឹងហាវ នឹងធ្វើឱ្យបុគ្គលមានទេពកោសល្យវ័យក្មេងនៅកម្ពុជា ផ្ទុះការចាប់អារម្មណ៍
ថ្មីៗនេះ តារាសម្តែងវ័យក្មេងមានទីផ្សារសិល្បៈនៅសិង្ហបុរី និង កម្ពុជា អ៊ឹងហាវ បានប្រកាសបើកសម្ពោធភ្នាក់ងារផ្ទាល់ខ្លួនមួយឈ្មោះ WAVE Management ។ តាមរយៈការបង្ហោះរូបភាព សមាជិកទាំងអស់មាន ៨ នាក់ ប្រុស ៤ នាក់ និង ស្រី ៤ នាក់ សុទ្ធតែជាបុគ្គលវ័យក្មេង មានរូបសម្រស់ មានប្រជាប្រិយភាព និង ទេពកោសល្យដោយឡែក។ ជាក់ស្តែង ចំណោមបុគ្គលទាំងអស់ យើងគ្រប់គ្នាសុទ្ធតែធ្លាប់ឃើញពួកគេល្បីល្បាញនៅលើបណ្តាញសង្គម។
ជាមួយការប្រកាសផ្លូវការនេះ អ៊ឹងហាវ បានសរសេររៀបរាប់ជាភាសាអង់គ្លេស ដោយយើងបានបកប្រែជាភាសាខ្មែរ ៖ «ថ្ងៃនេះជាការចាប់ផ្តើមជំពូកថ្មីដ៏រំភើបរីករាយ ដែលខ្ញុំបើកដំណើរការ WAVE Management។ ប៉ុន្មានឆ្នាំមកនេះ ខ្ញុំមានឯកសិទ្ធិធ្វើការជាតារាសម្តែង និង អ្នកផលិតមាតិកា ហើយខ្ញុំបានឃើញពីបុគ្គលមានទេពកោសល្យជាច្រើន ដែលមិនទាន់បានបញ្ចេញនៅក្នុងកម្ពុជា។ គោលដៅរបស់ខ្ញុំជាមួយភ្នាក់ងារនេះ គឺដើម្បីនាំយកបុគ្គលដែលមិនគួរឱ្យជឿទាំងនេះ មកទទួលបានការចាប់អារម្មណ៍ និង ចែករំលែកបទពិសោធរបស់ខ្ញុំពីពិភពលោកពីរ ដែលខ្ញុំហៅថាផ្ទះ គឺ សិង្ហបុរី និង កម្ពុជា។
Wave Management មិនត្រឹមតែជាភ្នាក់ងារប៉ុណ្ណោះទេ តែជាវេទិកាដើម្បីភ្ជាប់វប្បធម៌ដ៏រស់រវើកទាំងពីរ និង ផ្តល់ឱកាសសម្រាប់បុគ្គលមានទេពកោសល្យបញ្ចេញពន្លឺ។ ខ្ញុំសង្ឃឹមថា យើងអាចជាផ្នែកជំរុញចិត្តដល់មនុស្សជំនាន់បន្ទាប់ ដើម្បីបន្តមហិច្ឆតារបស់ពួកគេជាមួយការប្តេជ្ញាចិត្ត និង បេះដូង។ ហើយខ្ញុំពិតជាមិនអាចទ្រាំចាំមើលបាន នូវរលកនៃភាពច្នៃប្រតិដ្ឋដែលយើងនាំមកជាមួយគ្នា»។
គួរឱ្យដឹងដែរថា អ៊ឹងហាវ មានឈ្មោះពេញ ដាវីត អ៊ឹងហាវ (David Eung Hao) មានស្រុកកំណើតនៅខេត្តបាត់ដំបង។ លោកជាតារាសម្តែង និង បង្ហាញម៉ូដ ក្នុងពិភពសិល្បៈនៅសិង្ហបុរី និង កម្ពុជា។ ភាពយន្តសិង្ហបុរីល្បីៗ ដែលលោកធ្លាប់សម្តែងកន្លងមករួមមាន៖ រឿង «The Interns», រឿង «Summerdaze», រឿង «Heartbeat 100» និង រឿង«Third Rail» ជាដើម។ លើសពីបង្ហាញម៉ូដ និង ចូលរួមកម្មវិធីម៉ាកយីហោលំដាប់អន្តរជាតិជាច្រើន លោកថែមទាំងត្រូវបានទស្សនាវដ្តីដ៏ល្បី Harper’s Bazaar សម្ភាស និង ថតចុះផ្សាយពីជីវិតរបស់លោកផងដែរ៕