រឿង «នាងនាថ» វគ្គ២ ចាក់បញ្ចាំងភ្លាម លោក អ៊ិន សុភិន បញ្ចេញមតិអស់ពីពោះ ក្នុងនាមជាអ្នកផលិតកុនដូចគ្នា
ភាពយន្តខ្នាតធំ «ប្រវត្តិស្នេហ៍នាងនាថ» វគ្គ ២ របស់ផលិតកម្ម LD បានចាក់បញ្ចាំងគ្រប់រោងកុនជាផ្លូវការ ដោយខ្សែភាពយន្តមួយនេះ ត្រូវបានផលិតកររំពឹងថា អាចនឹងទាញចំនួនអ្នកទស្សនារឿងមួយនេះ ឱ្យចូលមើលកាន់តែច្រើន ព្រោះរឿងមួយនេះ បានសម្រិតសម្រាំងយ៉ាងល្អ និង បានចំណាយទុនច្រើនណាស់ក្នុងការផលិត។
ងាកមកលោក អ៊ិន សុភិន ដែលគេស្គាល់ជាចាងហ្វាងផលិតកម្មមហាហង្ស បានបញ្ចេញមតិចំពោះរឿង «ប្រវត្តិស្នេហ៍នាងនាថ» បានបញ្ចេញយោបល់លើកសរសើរខ្លាំងដោយមិនលាក់លៀមថា ៖ «រឿងនេះពិតជាល្អមើលមែន ទាំងគុណភាពនៃការផលិតទាំងសាច់រឿងនៅវគ្គ២នេះ រកកន្លែងខុសគ្មានទេ សូមសរសើរចេញពីចិត្ត ក្នុងនាមផលិតករដូចគ្នា សូមចូលរួមទស្សនាទាំងអស់គ្នា»។
ការលើកជាមតិសរសើរចំពោះស្នាដៃរបស់ផលិតកម្មដទៃ បានបង្ហាញឱ្យឃើញថា លោក អ៊ិន សុភិន ពិតជាមានទឹកចិត្តទូលាយក្នុងការជួយគាំទ្រ និង ជ្រោមជ្រែងឱ្យវិស័យកុនខ្មែរយើងកាន់តែរីកចម្រើន។ បន្ថែមពីលើនោះ លោក អ៊ិន សុភិន ក៏បានទម្លាយថា ៖ «ចំណែករឿងភាពយន្តខ្នាតធំរបស់ខ្ញុំនៅសល់ ៦ រឿងទៀត ដែលមិនទាន់បានបញ្ចាំង ហើយនឹងចាប់ផ្ដើមបញ្ចាំងឆាប់ៗនេះដែរ»៕