ស្ងាត់មិនសូវឃើញមុខលើឆាកតន្រ្តី តែតាមពិត តន់ ចន្ទសីម៉ា សំងំផលិតបទចម្រៀងថ្មីៗទុកជូនហ្វេនស្ដាប់កម្សាន្ត
និយាយពីតារាចម្រៀងស្រីវ័យក្មេងពន្លកចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ២ កញ្ញា តន់ ចន្ទសីម៉ា មហាជនបានជ្រាបហើយថាប៉ុន្មានឆ្នាំកន្លងមកនេះ នាងបានវិវត្តិខ្លួនក្លាយជាតារាចម្រៀងវ័យក្មេងដ៏ល្បីប្រចាំផលិតកម្មកាឡាក់ស៊ី ណាវ៉ាត្រា។
ក្រោយពីក្លាយខ្លួនជាតារាចម្រៀងអាជីពក្រោមផលិតកម្មល្បីឈ្មោះនេះដែរ តន់ ចន្ទសីម៉ា ហាក់មានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងពីគ្រប់ស្រទាប់យុវវ័យជាមួយនឹងសមត្ថភាពរបស់ខ្លួន ដែលបានចេញបទចម្រៀងថ្មីៗបន្តបន្ទាប់សុទ្ធសឹងតែពេញនិយមផ្ទុះការគាំទ្រខ្លាំង។
ស្របពេលផ្ទុះប្រជាប្រិយភាពមួយរយៈមុន តន់ ចន្ទសីម៉ា ត្រូវបានគេចាត់ទុកថាជាតារាស្រីវ័យក្មេងដែលមានទីផ្សារខ្លាំងតម្លៃខ្លួនក៏ខ្ពស់ និង មមាញឹកខ្លាំង ដោយទទួលបានការអញ្ជើញចូលរួមកម្មវិធីប្រគុំតន្រ្តីតូចធំ និង តាមបណ្ដាញ Pub, Club ឯកជនជាច្រើន។
ដោយឡែក មកដល់មួយរយៈក្រោយនេះ តារាចម្រៀងស្រី តន់ ចន្ទសីម៉ា ត្រូវបានគេសង្កេតឃើញថានាងហាក់ស្ងប់ស្ងាត់មិនសូវឃើញបង្ហាញវត្តមានជាសាធារណៈតាមឆាកតន្រ្តីផ្សេងៗដូចពីមុនឡើយ មិនថាកម្មវិធីទូរទស្សន៍ កម្មវិធីប្រគុំតន្រ្តី ឬ តាមបណ្ដា Pub ផ្សេងៗនោះទេ។
យ៉ាងណាមិញ ដ្បិតតែមិនសូវបង្ហាញមុខជាសាធារណៈលើឆាកតន្រ្តីដូចមុនមែន ប៉ុន្តែបើក្រឡេកទៅមើលបណ្ដាញសង្គមរបស់ តន់ ចន្ទសីម៉ា ឃើញថាតារាចម្រៀងស្រីរូបនេះនៅតែមានសកម្មភាពជាធម្មតា ដោយបន្តចេញបទចម្រៀងថ្មីៗបន្តបន្ទាប់មិនដាច់ និង ទទួលបានចាប់អារម្មណ៍គាំទ្រពីមហាជនផងដែរ៕