ការពិត ស៊ូយ៉ា តារាកំប្លែងក្នុងក្រុម ពូណុយ មានទេពកោសល្យសិល្បៈបានមកពីឪពុក
អ្នកលេងបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok ច្បាស់ជាបានស្គាល់ហើយពី ស៊ូយ៉ា ដែលជាតារាកំប្លែងស្ងួតវ័យក្មេង កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើន។ ក្នុងនោះដែរ ស៊ូយ៉ា ត្រូវបានមហាជនរមែងហៅថា យ៉ាយ៉ា គឺត្រូវបានមហាជន អាណិត ស្រឡាញ់ចូលចិត្ត តាមរយៈការធ្វើវីដេអូខ្លីៗបែបកំប្លុកកំប្លែងដែលដឹកនាំដោយ ពូណុយ។
ទន្ទឹមគ្នានឹងការគាំទ្រទេពកោសល្យ នៃការសម្តែង កន្លងមក ស៊ូយ៉ា ក៏ធ្លាប់ទម្លាយពីជីវិតឯកជនខ្លះៗ ដែលមានរឿងធ្វើឱ្យលោករំជួលចិត្តខ្លាំង គឺទាក់ទងនឹងជីវិតគ្រួសារមានជីវភាពលំបាកខ្វះខាតខ្លាំង ព្រមទាំងធ្លាប់ទទួលរងការរើសអើងទាំងជីវភាព និង រូបរាងទៀតផង។ យ៉ាងណាមិញ បើទោះជាឆ្លងកាត់ការលំបាកយ៉ាងណា ស៊ូយ៉ា ក៏នៅតែបន្តអាជីពជាអ្នកសម្តែងបានយ៉ាងល្អ ដើម្បីចែកជូនដល់អ្នកគាំទ្រទស្សនាដូចដើម។
ក្រឡេកមកមើល ទេពកោសល្យនៃការសម្តែងវិញ ច្បាស់ណាស់មហាជនបានជ្រាបហើយថា ស៊ូយ៉ា បានចាប់ផ្តើមជាមួយនឹងក្រុមកំប្លែងរបស់ ពូណុយ ដោយមានការចូលណែនាំបង្រៀនខ្លះៗផងដែរ ប៉ុន្តែការពិតទៅ ស៊ូយ៉ា មានដុងសិល្បៈពីអ្នកមិននៅឆ្ងាយនោះទេ ពោលគឺលោកប៉ារបស់ ស៊ូយ៉ា ក៏មានទេពកោសល្យសម្តែងបែបកំប្លែងដូចលោកដែរ។
ឪពុករបស់ ស៊ូយ៉ា ក៏ជាអ្នកសម្តែងបែបកំប្លែងមួយរូបមានឈ្មោះថា នាយប្រហិត ដោយរាល់វីដេអូ ដែលលោកបានបង្ហោះនៅលើ Tik Tok គឺមានអ្នកទស្សនាជាច្រើន។ ក្នុងនោះដែរ អ្នកគាំទ្រក៏បានលាន់មាត់ថា ស៊ូយ៉ា មិនត្រឹមមានទេពកោសល្យសិល្បៈដូចឪពុកទេ តែមើលមុខមាត់វិញឪពុកកូនគូនេះ ក៏ដូចគ្នាខ្លាំងដែរ៕