Allan បញ្ចេញមតិលើរឿង «ប្រវត្តិស្នេហ៍នាងនាថវគ្គ ២» កំពុងផ្ទុះការវែកញែកពីមហាជន
មហាជនអ្នកគាំទ្រចូលចិត្តទស្សនាភាពយន្តខ្នាតធំ បានដឹងហើយពីភាពយន្តខ្មែរខ្នាតធំមួយគឺរឿង «ប្រវត្តិស្នេហ៍នាងនាថ» បានចេញវគ្គ ១ និង ចាក់បញ្ចាំងក្នុងរោងភាពយន្តនៅកម្ពុជា កាលពីដើមខែសីហា ឆ្នាំ ២០២៤ កន្លងទៅ ដោយទទួលបានការគាំទ្រ និង សរសើរពីទស្សនិកជន។
ក្នុងភាពយន្តនេះ បានចូលរួមសម្ដែងដោយតារាខ្មែរជាច្រើន ជាពិសេសតួអង្គសំខាន់ក្នុងភាពយន្តមាន តារាសម្ដែងប្រុសមីយ៉ាន់ម៉ា លោក Paing Takhon និង តារាសម្ដែងស្រីកូនកាត់បារាំង Melia ដែលសម្ដែងប៉ះគ្នាជាតួអង្គប្រុសស្រី ព្រមទាំងតារាប្រុសស្រីខ្មែរល្បីៗជាច្រើនទៀត។
ក្រោយពីចាក់បញ្ចាំងភាពយន្តខ្នាតធំ «ប្រវត្តិស្នេហ៍នាងនាថ» វគ្គ ១ នេះ ទទួលបានការគាំទ្រខ្លាំង មកដល់ជាក់ពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០២៤ នេះ ផលិតកម្ម LD ក៏បញ្ចេញភាពយន្តខ្នាតធំ «ប្រវត្តិស្នេហ៍នាងនាថ» វគ្គ ២ ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តខ្មែរផងដែរ។
ស្របពេលភាពយន្ត «ប្រវត្តិស្នេហ៍នាងនាថ» វគ្គ ២ កំពុងចាក់បញ្ចាំង ក្រឡេកទៅមហាជនអ្នកគាំទ្រដែលបានទស្សនាភាពយន្តនេះរួច ក៏កំពុងចែករំលែក និង បញ្ចេញមតិរៀងៗខ្លួន ដោយក្នុងនោះ គេក៏បានឃើញអ្នកបង្កើតមាតិកាល្បីឈ្មោះ Allan ក៏បានបញ្ចេញជាមតិលើភាពយន្ត «ប្រវត្តិស្នេហ៍នាងនាថ» វគ្គ ២ នេះដែរ។
ក្នុងនោះ លោក Allan បានរៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «-Neath’s Love Story 2 ខ្ញុំទើបតែមើលរឿងនាងនាថវគ្គ 2 រួច។ បើនិយាយពីសាច់រឿងលើកនេះ គឺចាញ់រឿងវគ្គមួយទៅទៀត។ អ្វីៗដែលតួអង្គទាំងអស់បានធ្វើគឺគ្មានប៉ះពាល់អីដល់សាច់រឿងទាំងមូលទេ (nothing effects the plot) feel boring haft of the time. ហើយខ្ញុំនឹងបកស្រាយពីមូលហេតុ, ហេតុអ្វីក៏ខ្ញុំនិយាយបែបនេះនៅក្នុងវីដេអូខាងមុខ។ ខ្ញុំមិនទាន់ចេញវីដេអូឥឡូវនេះទេ, ពីព្រោះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅមើលរឿងនេះសិន។ ដើម្បីពេលមើលវីដេអូខ្ញុំទៅ, នឹងយល់ថាខ្ញុំចង់និយាយពីអ្វី។ វីដេអូខ្ញុំនឹងចេញនៅក្នុងសប្តាហ៍ក្រោយ។ នេះជា (list) ដែលខ្ញុំនឹងនិយាយនៅវីដេអូខាងមុខ។
– Storyline ( Poor writing )
– Character development
– Technical issue
– Character arc ( first act, second act, third act)»។
ក្រោយពីបានឃើញមតិរបស់លោក Allan លើកជាមតិចំពោះភាពយន្តខ្នាតធំរបស់ខ្មែរមួយនេះ ឃើញថាមហាជនអ្នកគាំទ្រវិស័យភាពយន្តខ្មែរជាច្រើនក៏បានផ្ទុះការចាប់អារម្មណ៍ និង ចូលបញ្ចេញមតិវែកញែកខ្លាំងទៅកាន់អ្នកបង្កើតមាតិការូបនេះ ដែលភាគច្រើនបង្ហាញការមិនពេញចិត្តចំពោះមតិរបស់លោក៕