តារាប្រុសស្រីថៃ ៤ រូប បានបាត់បង់ជីវិតទាំងវ័យក្មេងដោយមូលហេតុផ្សេងៗគ្នា ទាំងកំពុងល្បីល្បាញខ្លាំងលើវិថីសិល្បៈ
គេសង្កេតឃើញថា ក្នុងរង្វង់សិល្បៈរបស់ថៃជារឿយៗតែងតែមានតែមានតារាប្រុសស្រី បានបាត់បង់ជីវិតទៅបន្តបន្ទាប់គ្នា ជាពិសេសក្នុងនោះ គឺមានតារាមួយចំនួន ដែលបានបាត់បង់ជីវិតទៅទាំងវ័យក្មេង ដោយសារតែជំងឺផង ដោយសារតែគ្រោះថ្នាក់ផង ដែលធ្វើឱ្យមហាជនអ្នកគាំទ្រមានការសោកស្តាយ និង ពិបាកធ្វើចិត្តទទួលយក។
ក្នុងនោះ តារាប្រុសស្រីរបស់ថៃដែលបានបាត់បង់ជីវិតដោយវ័យក្មេងមានដូចជា៖
១. Por Thrisadee
ជាតួឯកប្រុសមួយរូបដ៏ល្បីនៅក្នុងសិល្បៈរបស់ថៃ តែជាអកុសលលោកមិនបាននូវបម្រើអារម្មណ៍មហាជនអ្នកគាំទ្របានយូរឡើយ ដោយលោកបានបាត់បង់ជីវិតទៅនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៦ កន្លងទៅ ក្នុងវ័យ ៣៥ ឆ្នាំ ដោយសារតែជំងឺគ្រុនឈាម ហើយបន្សល់ទុកកូនស្រីមួយរូបឱ្យភរិយាមើលថែ។
២. Hem Hemmawat
ជាតារាសម្តែង ព្រមទាំងពិធីករល្បីឈ្មោះមួយរូប តែគួរឱ្យសោកស្តាយដោយសារតែទ្រាំទ្រជាមួយនឹងជំងឺបាក់ចិត្តមិនបាន លោកក៏បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងក្នុងវ័យ ៣១ ឆ្នាំ ដោយការចង-កនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៩។
៣. Tangmo
ជាតារាសម្តែង ពិធីការនី ព្រមទាំងតារាម៉ូដែលមួយរូប ដែលទទួលបានការស្រឡាញ់ចូលចិត្តច្រើនណាស់នៅក្នុងប្រទេសថៃ។ ការស្លាប់របស់នាងបានធ្វើឱ្យមហាជនអ្នកគាំទ្រមិននឹកស្មានឡើយ ដោយនាងបានធ្លាក់ចូលទៅក្នុងទន្លេចៅផ្រៈយ៉ា ខណៈកំពុងជិះទូកលេងកម្សាន្តជាមួយនឹងមិត្តភក្តិ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។ ក្នុងនោះ ការស្លាប់នេះ នៅមិនទាន់បានបញ្ជាក់នៅឡើយទេ ថាជាវាឧប្បទ្ទវហេតុ ឬក៏ជាករណីឃាតកម្ម។
៤. Aom Akkaphan
ជាតារាប្រុសលំដាប់មួយរូបរបស់ថៃ លោកធ្លាក់ខ្លួនឈឺជំងឺមហារីកបេះដូងកាលពីឆ្នាំ ២០២២ កន្លងទៅ ដោយលោកក៏ទទួលការវះកាត់ព្យាបាលផងដែរ តែជាអកុសលលោកបានបាត់បង់ជីវិតទៅហើយ កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ដោយបន្សល់នូវតែភាពសោកស្តាយឱ្យមហាជនអ្នកគាំទ្រ៕