ស្រណោះណាស់! អ្នកគាំទ្រចែករំលែករឿង Om និង Tangmo សម្តែងរួមគ្នាកាលនៅរស់ ពេលនេះអ្នកទាំងពីរទៅបានសុខហើយ
ជាការពិតណាស់ មិនថាតែអ្នកគាំទ្រនៅក្នុងប្រទេសថៃនោះទេ ដែលមានការរំជួលចិត្តបន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់តារាប្រុស Om Akkaphan ក្រោយពីលោកបានខិតខំតស៊ូជាមួយនឹងជំងឺមហារីកបេះដូងអស់រយៈពេលជាង ២ ឆ្នាំ នោះ ពោលគឺសូម្បីអ្នកគាំទ្រក្នុងប្រទេសកម្ពុជា ដែលធ្លាប់ទស្សនាការសម្តែងរបស់លោកក៏បានចូលរួមសោកស្តាយដែរ។
ក្នុងនោះ គេឃើញមានអ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេសថៃ បានបង្ហោះសាររំលែកមរណទុក្ខរបស់លោក Om Akkaphan និង រំឭកនូវស្នាដៃក្នុងវិថីសិល្បៈរបស់លោកពាសពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ទៀតផង។
យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍កាន់តែក្តុកក្តួលនោះ ក្រោយពីបានឃើញការចែករំលែកវីដេអូការសម្តែងរបស់លោក Om ក្នុងរឿង «Wan Nee Tee Ror Khoi» ដែលលោកជាតួឯកប្រុស ក្នុងឈុតមួយជាមួយនឹងតារាស្រី Tangmo Pattaratida ដែលបានទទួលមរណភាពកាលពីឆ្នាំ ២០២២ កន្លងទៅ។
វីដេអូក្នុងសាច់រឿងនៃការសម្តែងរបស់តារាប្រុស Om និង តារាស្រី Tangmo បានធ្វើឱ្យអ្នកទស្សនារំជួលចិត្ត និង លើកឡើងថា អ្នកទាំង ២ បានទៅជួបគ្នានៅឋានស្ងប់សុខហើយ ដោយ Tangmo បានទទួលមរណភាពកាលពីអំឡុងឆ្នាំ ២០២២ រីឯ Om បានទទួលមរណភាពក្នុងឆ្នាំ ២០២៤ នេះ៕