មិនធម្មតា! បេក្ខជនឆ្នើម MasterChef រដូវកាលទី ៣ ប៉ុន្មានរូបនេះ សុទ្ធតែមានឈ្មោះជាថៅកែហាង
មិនត្រឹមតែទទួលបានការគាំទ្រក្នុងចង្ក្រាន្តបាយ MasterChef តែម្យ៉ាងនោះទេ តែបេក្ខជន នៃកម្មវិធី MasterChef Cambodia រដូវកាលទី ៣ ក៏ត្រូវមហាជនបានតាមដាននឹងជីវិតឯកជនរបស់ពួកគេដែរ ដោយម្នាក់ៗមានសន្ទុះគាំទ្រខ្លាំងតាមរយៈការប្រើប្រាស់បណ្តាញសង្គមនានាដូចជា ហ្វេសប៊ុក និង Tik Tok ជាដើម។
យ៉ាងណាមិញ ក្នុងចំណោមបេក្ខជនឆ្នើម ដែលអ្នកគាំទ្រកំពុងតែចាប់ក្រសែភ្នែកមើលមួយចំនួននោះ ត្រូវបានមហាជនចាប់អារម្មណ៍ពីអាជីពខាងក្រៅរបស់ពួកគេ ដោយម្នាក់ៗសុទ្ធសឹងតែមានអាជីវកម្មផ្ទាល់ខ្លួន។ ក្នុងនោះ រួមមាន លោក សំ សុធារិទ្ធ, កញ្ញា ប៊ុន លីនណា, កញ្ញា ឆៃ តារាម៉ាលីន, អ្នកនាង កែ វង្សច័ន្ទរស្មី, លោក ចៅ ដាឡែត និង អ្នកនាង លីម លីនដា។
១. លោក សំ សុធារិទ្ធ
ក្រៅពីជា អ្នកផលិតមាតិកាធ្វើម្ហូប និង ជាសិល្បករមួយរូបនោះ លោក សំ សុធារិទ្ធ ក៏ជាម្ចាស់ហាងអាហារឈ្មោះ «ហ្គេចាំង»។
២. កញ្ញា ប៊ុន លីនណា
ស្រីស្អាត ប៊ុន លីនណា បច្ចុប្បន្ន កំពុងតែចាប់ផ្តើមបន្ថែមអាជីវកម្មថ្មីផ្នែកអាហារយីហោ «លីនណា ម្ហូបឆ្ងាញ់»។ យ៉ាងណាមិញ កន្លងមក បេក្ខជនឆ្នើមរូបនេះ ក៏មានអាជីវកម្មបើកហាងកាហ្វេ និង ហាងអាហារប៊ូហ្វេផងដែរ។
៣. កញ្ញា ឆៃ តារាម៉ាលីន
កញ្ញា ឆៃ តារាម៉ាលីន បើទោះជាមានវ័យក្មេងក៏ពិតមែន បច្ចុប្បន្ន កញ្ញា គឺជាថៅកែផ្ទះលំហែឈ្មោះ «ផ្ទះដើមឈើ» នៅឯទឹកដីខេត្តកំពត។
៤. អ្នកនាង កែ វង្សច័ន្ទរស្មី
អ្នកនាង កែ វង្សច័ន្ទរស្មី បច្ចុប្បន្ន ត្រូវបានចាត់ទុកជាសហគ្រិនវ័យក្មេងមួយរូប ដោយអ្នកនាងជាម្ចាស់ហាង «វាលស្រែក្បែរស្ពានអ្នកលឿង», ហាងលក់ទូរស័ព្ទដៃ, ហាងបោកគក់សម្លៀកបំពាក់ និង លក់ផលិតផលអនឡាញផងដែរ។
៥. លោក ចៅ ដាឡែត
កំលោះសង្ហាមិនសូវមាត់ក លោក ចៅ ដាឡែត ក៏ជាម្ចាស់អាជីវកម្មមួយរូបដែរ ដោយលោកមានហាងលក់គ្រឿងចម្លាក់ឈ្មោះ «រចនាចម្លាក់»។
៦. អ្នកនាង លីម លីនដា
បេក្ខជនចាស់ទុំក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៣ អ្នកនាង លីម លីនដា គឺជាម្ចាស់ភាគហ៊ុនហាងលក់ឡានយីហោ «CL.666 Auto Car»៕