អ៊ឹងហាវ កាក់កបទីផ្សារសម្តែង និង បង្ហាញម៉ូដ តែដើមឡើយស្រឡាញ់អាជីពមួយនេះសោះ
គិតមកទល់ពេលនេះ អ៊ឹងហាវ បានប្រឡូកសិល្បៈប្រមាណជា ៣-៤ ឆ្នាំមកហើយ។ ជាតារាសកម្មក្នុងពិភពសិល្បៈនៅសិង្ហបុរីផង និង កម្ពុជាផង អ៊ឹងហាវ មានទីផ្សារខ្លាំងជាមួយការថតបង្ហាញម៉ូដ ថតផ្សព្វផ្សាយពាណិជ្ជកម្ម ជាពិសេស ថតសម្តែងភាពយន្ត។ បើតាមការសង្កេត ការសម្តែង និង បង្ហាញម៉ូដ ជាអាជីពច្បងរបស់តារារូបនេះ ប៉ុន្តែបើតាមសាមីខ្លួនលើកឡើង ដើមឡើយលោកស្រលាញ់អាជីពផ្សេងទៅវិញ។
ជាក់ស្តែង ចាប់កំណើតនៅខេត្តបាត់ដំបង អ៊ឹងហាវ ដឹងថាខ្លួនស្រលាញ់ខាងចម្រៀងតាំងតែពីតូច លោករៀនលេងហ្គីតាចេះដោយខ្លួនឯង និង អាចច្រៀងបានផងដែរ។ ដោយសារឱកាសសម្តែង និង ថតម៉ូដហុចឱ្យមុន ទើបលោកលើកគម្រោងចាប់ខាងអាជីពចម្រៀងទៅពេលក្រោយ។ សម្រាប់លោក ការបង្កើតចម្រៀងវាមានទំនាក់ទំនង និង ផ្សារភ្ជាប់ជាមួយមនុស្សបានច្រើនខ្លាំង។
អ៊ឹងហាវ ត្រូវបានឪពុកម្តាយបញ្ជូនទៅសិក្សានៅប្រទេសសិង្ហបុរី តាំងពីអាយុ ៨ ឆ្នាំ។ លោកបានរំកិលខ្លួនចូលពិភពសិល្បៈនៅកម្ពុជាជាបណ្តើរៗនៅអំឡុងឆ្នាំ ២០២០ ស្របពេលត្រលប់មកស្រុកកំណើត ចំពេលវីរុសកូវីដកំពុងរាតត្បាត។ ដល់ឆ្នាំ ២០២១ ត្រលប់ទៅសិង្ហបុរីវិញ លោកបានស្វែងរកភ្នាក់ងារដើម្បីចូលសិល្បៈនៅទីនោះរហូតគេទទួលស្គាល់ ហើយក៏ជាប់ផ្តើមធ្វើជាតារាសម្តែង និង បង្ហាញម៉ូដតាំងពីពេលនោះមក។ បច្ចុប្បន្ន លោកមានទីផ្សារសិល្បៈទាំងក្នុង និង ក្រៅប្រទេស ហើយថ្មីៗនេះ លោកទើបសម្ពោធភ្នាក់ងារថ្មីមួយជារបស់ខ្លួននៅកម្ពុជាគឺ WAVE Management ដែលប្រជុំទៅដោយបុគ្គលវ័យក្មេងមានទេពកោសល្យខ្ពស់៕