អ្នកគាំទ្រព្រួយបារម្ភ ពេលឃើញសភាព Justin បង្ហាញខ្លួនដំបូង ក្រោយផ្ទុះរឿង Diddy ត្រូវប៉ូលិសចាប់ខ្លួន
នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ សារព័ត៌មាន Daily Mail បានកំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំង ខណៈពួកគេបានបញ្ចេញកម្រងរូបភាពមួយចំនួនរបស់ Justin Bieber បង្ហាញខ្លួនជាសាធារណៈលើកដំបូង ស្របពេលរឿងអាស្រូវពាក់ព័ន្ធនឹងការចាប់ខ្លួនតារារ៉េប Sean “Diddy” Combs ជុំវិញករណីជួញដូរផ្លូវភេទកំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងសហរដ្ឋអាមេរិក។
តាមសារព័ត៌មានដដែលនេះ ក្រុមអ្នកប្រមាញ់រូបតារាបានថតបានតារាចម្រៀង Justin Bieber ចេញក្រៅញ៉ាំអាហារពេលល្ងាចជាមួយប្រពន្ធរបស់លោក Hailey Bieber នាក្រុង Los Angeles កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ។ ប្ដីប្រពន្ធតារាមួយគូនេះ ត្រូវបានដើរអមការពារដោយអង្គរក្សរបស់ពួកគេ ដោយមើលទៅរីករាយ ញញឹមញញែមធម្មតា តែយ៉ាងណាមិញ រូបរាងសភាពរបស់ Justin នៅពេលពេលនោះបែរជាធ្វើឱ្យអ្នកគាំទ្រកើតក្ដីបារម្ភចំពោះលោកទៅវិញ។
បើមើលលើសម្លៀកបំពាក់ Justin គឺស្លៀកពាក់សាមញ្ញដូចសព្វមួយដង ហើយបើទោះជាមុខរបស់លោកញញឹមញញែមដូចធម្មតាក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រចាប់អារម្មណ៍លើសភាពរាងកាយរបស់លោកគឺមិនមែនមិនអីដូចទឹកមុខនោះឡើយ។ សភាព Justin ត្រូវអ្នកគាំទ្រលើកឡើងថា រាងកាយរបស់លោកដូចស្គមបាក់កម្លាំងជាងមុន មុខមាត់មិនភ្លឺថ្លា មានពុកចង្កាស្រមេមស្រមាម ដែលសភាពលោកពេលនេះមិនសមនឹងបុរសវ័យ ៣០ ឆ្នាំនោះឡើយ តែប្រៀបដូចបុរសអាយុខ្ទង់ ៤០ ឆ្នាំកំពុងជួបបញ្ហាលំបាកម្នាក់។
អ្នកគាំទ្រជាច្រើនបាននាំគ្នាបញ្ចេញមតិព្រោងព្រាត បង្ហាញក្ដីបារម្ភចំពោះតារាប្រុសរូបនេះមិនដឹងថាលោកស៊ូទ្រាំបៀមទុក្ខលំបាកយ៉ាងណាខ្លះ។ តាមសម្ដីមហាជនមួយចំនួនបានលើកឡើងថា៖ «គាត់មើលទៅដូចកំពុងឆ្លងកាត់រឿងអ្វីម្យ៉ាងអ៊ីចឹង។ ខ្ញុំមានអារម្មណ៍មិនល្អសោះ។ បួងសួងឱ្យគាត់ជ្រះស្រឡះនឹងរឿងដែលគាត់បានឆ្លងកាត់ទៅចុះ», «គាត់មើលទៅដូចទ្រុឌទ្រោមណាស់ ឃើញបែបនេះបេះដូងខ្ញុំខ្ទេចខ្ទាំអស់ហើយ»,«ខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទេ តែគាត់មើលទៅមិន okay នោះឡើយ», «សភាព Justin មិនល្អសោះ ប្រហែលធ្វើជាឪពុកគេដំបូងៗជួបការពិបាក ឬក៏រឿងរ៉ាវពាក់ព័ន្ធនឹងអាប៉ិម្នាក់នោះប៉ះពាល់អារម្មណ៍គាត់ខ្លាំងហើយមើលទៅ»។
គួរបញ្ជាក់ថា តារាចម្រៀង Justin Bieber បានក្លាយជាប្រធានបទរបស់មហាជន ចាប់តាំងពីអតីតអ្នកត្រួសត្រាយផ្លូវឱ្យលោកចូលវិថីសិល្បៈ Diddy ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅជុំវិញករណីបទឧក្រិដ្ឋជាច្រើនរួមទាំងការជួញដូរផ្លូវភេទ។ Justin មិនបានចេញមុខនិយាយពាក់ព័ន្ធនឹងបញ្ហានេះឡើយ ប៉ុន្តែគ្រប់គ្នាគិតថាវាមិនមែនជារឿងធម្មតាឡើយ ព្រោះតែ Justin បានផ្ដាច់ទំនាក់ទំនងពីពិភពលោកខាងក្រៅអស់មួយរយៈ ដើម្បីគេចពីការសួរនាំជុំវិញរឿងអាស្រូវដ៏ក្ដៅគគុកនេះ៕