ផ្អើលអ្នកសិល្បៈ! ស្ងាត់ៗ សាយ សៀរ៉ា ទម្លាយរឿងចាយពេលថតកុនឱ្យប៉ុស្ដិ៍ទូរទស្សន៍មួយរាប់ឆ្នាំ តែពិបាកបើកលុយ
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ពិសេសអ្នកស្ថិតក្នុងចង្កោមសិល្បៈជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅយប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ ម្សិលមិញនេះ តារាសម្ដែងលោក សាយ សៀរ៉ា បានទម្លាយរឿងចំណាយពេលវេលា ថវិកា និង កម្លាំងកាយចិត្តថតកុនរាប់ឆ្នាំ តែពិបាកបើកលុយ។
លោក សាយ សៀរ៉ា បានបង្ហោះសារផ្ដាំដល់សិល្បករថ្មីៗជំនាន់ក្រោយ ពេលចុះកុងត្រាថតកុនណាមួយគួរធ្វើកិច្ចសន្យាច្បាស់លាស់ ជៀសវាសមានបញ្ហារឿងពិបាកទារលុយកាក់ថា ៖ «ផ្ញើជូនទៅបងប្អូនអ្នកសិល្បៈថ្មីៗ មុនថតរឿងត្រូវធ្វើកិច្ចសន្យានិយាយរឿងលុយឱ្យបានច្បាស់លាស់ មុនថតរឿង ព្រោះថាខ្ញុំថតចប់ពិបាកបើកលុយណាស់ ខ្លះថតរាប់ឆ្នាំហើយមិនបើកឱ្យទេ តេមិនលើកទូរស័ព្ទ ឆាតមិនតប»។
តារាសម្ដែងប្រុសរូបសង្ហាខាងលើ បន្តថា ៖ «ខ្ញុំថតរឿងភាគដាក់ TV ថ្ងៃណាមួយខ្ញុំនឹងផុសឱ្យបងប្អូនបានឃើញមុខ មនុស្សខ្ញុំស្លូតទេ ខ្ញុំថតរឿងជិះឡានចាក់សាំងឡាន មែនសុំសាំងគេទេ ខោអាវទិញគេ មែនគេឱ្យទេ ថតទាំងជិតទាំងឆ្ងាយ គួរតែយល់ខ្ញុំផង ទុក្ខពេលឱ្យមួយរយៈ ខ្ញុំត្រូវការលុយទិញបាយ ១ថ្ងៃ ៣ពេលហូប មើលក្មួយៗ បង់ទឹកបង់ភ្លើង មើលថែឪពុកម្តាយចាស់ៗ ខ្ញុំក៏ជំពាក់គេដែរគួរយល់ផង ចង់ឱ្យអ្នកសិល្បៈយើងទាំងតួថ្មីទាំងតួចាស់ បើមានរឿងត្រូវងើបឡើង កុំលាក់ខ្លាចខ្មាសគេ ត្រូវផុសឱ្យគេដឹង ព្រោះខំថតណាស់»៕