ផ្អើលហ្វេន! រស្មី ផ្តល់ការលើកទឹកចិត្តឱ្យ វីល្លៀម ប្រើពាក្យពេចន៍ចុកៗខ្លាំង ធ្វើឱ្យ វីល្លៀម ឮហើយភ្ញាក់ខ្លួនរហូតសំពះអរគុណ
កាលពីរាត្រីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធី MasterChef Cambodia រដូវកាលទី ៣ សប្តាហ៍ទី ១៩ បានស្វែងរកឃើញ Top 8 ដើម្បីឈានទៅដល់ការប្រកួតក្នុងសប្តាហ៍ក្រោយ សប្តាហ៍ទី ២០ ហើយ។ ក្នុងនោះដែរ បេក្ខជនដែលបានចាកចេញកាលពីសប្តាហ៍ទី ១៩ គឺលោក ចៅ ដាឡែត។
ជាការពិត មុននឹងប្រកាសការចាកចេញរបស់លោក ចៅ ដាឡែត នោះ បេក្ខជន វីល្លៀម ក៏ជាបេក្ខជនមួយរូបដែលបានឈរក្នុងដំណាក់កាលប្រកាសលទ្ធផលយ៉ាងបុកពោះនេះដែរ។ យ៉ាងណាមិញ មុននឹងប្រកាសការចាកចេញរបស់ ដាឡែត នោះ គណៈកម្មការបានឱ្យបេក្ខជនឈរនៅកន្លែងតំបន់សុវត្ថិភាព និយាយពាក្យលើកទឹកចិត្តដល់ ដាឡែត និង វីល្លៀម ដែលកំពុងរង់ចាំស្តាប់លទ្ធផល។
ជាក់ស្តែង បេក្ខជន កែ វង្សច័ន្ទរស្មី ក៏បាននិយាយពាក្យលើកទឹកចិត្តដល់ ដាឡែត និង វីល្លៀម ដែរ ប៉ុន្តែខណៈនិយាយពាក្យលើកទឹកចិត្តនោះ អ្នកគាំទ្របានចាប់អារម្មណ៍ថា ពាក្យពេចន៍របស់ រស្មី ភាគច្រើន គឺជាការរិះគន់នូវអត្តចរិតរបស់លោក វីល្លៀម ទៅវិញ។
ក្នុងនោះ អ្នកនាង រស្មី បានរៀបរាប់ថា ៖ «សម្រាប់បង វីល្លៀម ខ្ញុំគ្រាន់តែចង់និយាយថា អ្វីដែលខ្ញុំលើកទឹកចិត្តគាត់ គឺឱ្យគាត់ចេះទទួលកំហុស នៅពេលគាត់មានបញ្ហាអីកុំគិតថាយើងធ្វើអីត្រូវទាំងអស់ ពេលខ្លះយើងមានចំណុចខ្វះខាត តែយើងមើលខ្លួនឯងអត់ដឹងថាខ្លួនឯងមានចំណុចខ្វះខាតទេ នៅពេលដែលគេនិយាយអី យើងកុំគិតថាយើងត្រូវទាំងអស់ យើងត្រូវយកកំហុសរបស់យើងមកកែប្រែខ្លួនឯង ដោយសារថា បង វីល្លៀម មានអត្តចរិតមួយ គឺគាត់មានៈ ហើយគាត់អត់ទទួលយកកំហុស ភាគច្រើន គឺគាត់តែងតែ យកហេតុផល មកបាំងកំហុសគាត់ជានិច្ច»។