អបអរ! គ្រួសារកាន់តែពេញលេញ ឆុំ វត្តី សម្រាលបានទាយាទគួរឱ្យស្រឡាញ់ម្នាក់ទៀតជាកូនប្រុស
គិតមកដល់ពេលនេះ រយៈពេលជាង ៤ ឆ្នាំមកហើយ ដែលតារាសម្ដែងស្រីរូបស្រស់ ឆុំ វត្តី បានដឹកដៃគូស្នេហ៍ចូលរោងការសាងជីវិតគ្រួសារមួយយ៉ាងមានសុភមង្គល ជាពិសេសជីវិតគ្រួសាររបស់នាងកាន់តែបន្ថែមនូវក្ដីសុខខ្លាំងឡើង ក្រោយពីសម្រាលកូនស្រីដំបូង ជាចំណងដៃនៃអាពាហ៍ពិពាហ៍ កាលពីពាក់កណ្ដាលឆ្នាំ ២០២១ កន្លងទៅ។
យ៉ាងណាមិញ ក្រោយសម្រាលបានកូនស្រីដំបូងឈ្មោះ រិទ្ធហួរ ជូលីតា ដ៏គួរឱ្យស្រឡាញ់ប៉ុន្មានឆ្នាំ ឃើញថាតារាសម្តែងស្រីរូបនេះ ក៏ពុំបានវិលចូលវិស័យសិល្បៈវិញដែរ ដោយអ្នកនាងបានចំណាយពេលវេលាមើលថែគ្រួសារ និង កូនស្រីយ៉ាងយកចិត្តទុកដាក់ ព្រមទាំងកាលពីចុងឆ្នាំ ២០២៣ កន្លងទៅ អ្នកនាង ក៏បានប្រកាសពពោះកូនម្នាក់ទៀត។
មកដល់ថ្មីៗនេះ តារាស្រី ឆុំ វត្តី និង ស្វាមី ក៏បានឃើញមុខទាយាទទី ២ ហើយ ដែលជាកូនប្រុសមានមុខមាត់គួរឱ្យស្រឡាញ់ខ្លាំងឈ្មោះ រិទ្ធហួរ វីរៈសក្តិ ដោយបានសម្រាលឃើញពន្លឺព្រះអាទិត្យនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីបងប្អូន សាច់ញាតិជាច្រើន។
នេះបើតាមរយៈគណនីហ្វេសប៊ុករបស់តារាសម្ដែងស្រី ឆុំ វត្តី បង្ហោះស្វាគមន៍សមាជិកថ្មីយ៉ាងរំភើបថា ៖ «ស្វាគមន៍សមាជិកថ្មី មកកាន់ត្រកូល រិទ្ធហួរ អូនឈ្មោះ រិទ្ធហួរ វីរៈសក្តិ ភេទប្រុស អូនកើតនៅ ថ្ងៃអាទិត្យ ទី 29 ខែកញ្ញា ឆ្នាំ 2024 ម៉ោង 1:15 នាទី រសៀល អូនបាន 2.8 គីឡូ #Welcome to the beautiful world my little prince»៕