សោកស្ដាយ! តួអង្គម្ដាយតួស្រីក្នុងរឿង «The Glory» ទទួលមរណភាពក្នុងវ័យ ៥២ ឆ្នាំ ដោយសារជំងឺមួយនេះ
ថ្មីៗនេះ មហាជនក៏ដូចជាអ្នកគាំទ្រខ្សែភាពយន្តភាគកូរ៉េជាច្រើនមានការតក់ស្លុត ក្រោយទទួលដំណឹងថា តារាសម្ដែង Park Ji Ah ដែលសម្ដែងជាតួអង្គម្ដាយរបស់តារាស្រី Song Hye Kyo ក្នុងរឿងភាគដ៏ល្បី «The Glory» នោះ បានទទួលមរណភាពទៅហើយក្នុងវ័យ ៥២ ឆ្នាំ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។
តាមទូរទស្សន៍ JTBC អ្នកតំណាងក្រុមហ៊ុនរបស់តារាស្រីខាងលើបានឱ្យដឹងថា លោកស្រី Park Ji Ah បានសន្លប់បាត់ស្មារតី ហើយក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជាបន្ទាន់ ប៉ុន្តែជាអកុសលដោយស្ថានភាពលោកស្រីធ្ងន់ធ្ងរពេក លោកស្រីក៏ត្រូវបានគ្រូពេទ្យប្រកាសថាបានលាចាកលោកទៅហើយនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ។ ចំពោះពិធីបុណ្យ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៤ ខាងមុខ នៅក្រុងសេអ៊ូល។
គួររំឭកថា លោកស្រី Park Ji Ah ទទួលបានភាពល្បីល្បាញមានមហាជនចាប់អារម្មណ៍ខ្លាំង ក្រោយលោកស្រីសម្ដែងជាតួអង្គ Jeong MI Hee ដែលជាតួម្ដាយរបស់តួឯកស្រី Dong Eun សម្ដែងដោយតារាស្រី Song Hye Kyo។ ក្នុងសាច់រឿងនោះដែរ លោកស្រី Park Ji Ah ដើរជាមនុស្សស្រីប្រមឹក ក្នុងខ្លួនពោរពេញដោយគំនុំការស្អប់ ដោយលោកស្រីសម្ដែងសមខ្លាំងធ្វើឱ្យមហាជនមិនសរសើរមិនបាន។
ការបាត់បង់សិល្បករដ៏មានទេពកោសល្យរូបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្ដែងការសោកស្ដាយ និង នាំគ្នាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពព្រោងព្រាត៕
ប្រភព៖ VN Express