ក្រោយអស់ឱកាសប្រកួត MasterChef ចៅ ដាឡែត រៀបរាប់ពីដំណើរជីវិត ១០ ឆ្នាំចុងក្រោយយ៉ាងមានន័យ
មកដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួតថ្វីដៃធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ បានចាក់ផ្សាយដល់សប្ដាហ៍ទី ១៩ ហើយ ដែលមហាជនអ្នកតាមដានកាន់តែជក់ចិត្តចំពោះការប្រកួតប្រជែងក្នុងផ្ទះយ៉ាងក្ដៅគគុករវាងកំពូលបេក្ខជន Top 9 នាក់ចុងក្រោយ។
ក្រោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងក្ដៅគគុក និង ពោរពេញដោយការសម្ពោធពីកម្មវិធីលើកំពូលបេក្ខជនទាំង ៩ រូប ក្នុងសប្ដាហ៍ទី ១៩ នេះ មហាជនអ្នកគាំទ្រពិតជាមានការសោកស្ដាយខ្លាំងចំពោះបេក្ខជនរូបសង្ហាលោក ចៅ ដាឡែត ដែលត្រូវបានជម្រុះចេញពីកម្មវិធីក្នុងសប្ដាហ៍នេះផងដែរ។
ជាមួយនឹងការដើរចេញពីផ្ទះបាយ MasterChef របស់បេក្ខជនដ៏ឆ្នើម ចៅ ដាឡែត ឃើញថាទាំងមហាជនអ្នកទស្សនាលើបណ្ដាញសង្គម និង អ្នកក្នុងក្រុមប្រកួតមានការក្ដុកក្ដួលក្នុងចិត្តខ្លាំង ដោយបានបង្ហោះចែករំលែកបង្ហាញការសោកស្ដាយ ព្រមទាំងជួយលើកទឹកចិត្តចំពោះបេក្ខជនរូបនេះបន្តបន្ទាប់។
ស្របពេលនេះដែរ ក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់បេក្ខជន ចៅ ដាឡែត វិញ ក្រោយពីកម្មវិធីបានចាក់ផ្សាយដល់វគ្គដែលខ្លួនត្រូវចាកចេញពីផ្ទះបាយ ក៏បានឃើញលោកបង្ហោះសារមួយរៀបរាប់ពីដំណើរជីវិតរបស់ខ្លួនក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយយ៉ាងមានន័យ ព្រមទាំងអរគុណដល់មហាជនដែលបានគាំទ្រ និង លើកទឹកចិត្តចំពោះរូបលោកកន្លងមក។
សារនោះ លោក ចៅ ដាឡែត បានរៀបរាប់ថា ៖ «នេះគឺជាដំណើរវិវត្តន៍ខ្លួនរបស់ខ្ញុំក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ! ខ្ញុំរីករាយស្វែងរកអ្វីដែលថ្មី និង អភិវឌ្ឍន៍សមត្ថភាព ជម្នះភាពភ័យខ្លាច ដើម្បីស្វែងរកខ្លួនឯង និង អ្វីដែលខ្លួនស្រឡាញ់ ចូលចិត្ត សង្ឃឹមថាទាំងនេះជាសារលើកទឹកចិត្តបងប្អូនក្មួយៗទាំងអស់គ្នាឱ្យខិតខំប្រឹងប្រែងកុំចុះចាញ់ បន្តដំណើរជីវិតវែងឆ្ងាយប្រកបដោយហេតុផល និង គុណតម្លៃនៃជីវិត និង ការពិចារណាឱ្យបានត្រឹមត្រូវ អ្វីដែលបងប្អូនគិតថាត្រឹមត្រូវ មិនប៉ះពាល់សេចក្ដីសុខអ្នកដទៃ ចូលបងប្អូនធ្វើដោយក្ដីរីករាយចុះ។ សូមអរគុណបងប្អូន អ៊ំពូ មីង និង ក្មួយៗដែលស្រឡាញ់ គាំទ្រលើកទឹកចិត្តខ្ញុំកន្លងមក សូមទទួលក្ដីគោរពរាប់អានពីខ្ញុំបាទ ដាឡែត»៕