Aum និយាយលាតារាប្រុស Om Akkphan ជាដៃគូលើកចុងក្រោយយ៉ាងរំជួល អ្នកគាំទ្រស្ដាប់ហើយក៏ខ្សឹកខ្សួល
កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ សពរបស់តារាប្រុស Om Akkphan ដែលបានទទូលមរណភាពដោយសារតែជំងឺមហារីកសាច់ដុំបេះដូង ត្រូវក្រុមគ្រួសារធ្វើការបូជាទៅសាសនារួចរាល់ហើយ ដោយមានចូលរួមជាលើកចុងក្រោយពីសំណាក់មិត្តៗរួមសិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រជាច្រើន។
ក្នុងនោះដែរ គេឃើញមានវត្តមានរបស់តារាស្រីជួរមុខ គឺ Aum Patchrapa ដែលធ្លាប់ចាប់ដៃជាតួឯកស្រីរបស់ Om នៅក្នុងរឿងភាគទូរទស្សន៍ដ៏ល្បីគឺ Prajun Lai Payak ដែលបានចាក់ផ្សាយកាលពីឆ្នាំ ២០១០ កន្លងទៅ។
យ៉ាងណាមិញ ក្រោយពីបានមកសម្តែងក្តីសោកស្តាយនៅក្នុងពិធីបុណ្យរបស់ Om ហើយ Aum ក៏បានទម្លាយរូបភាពប៉ុន្មានសន្លឹកជាមួយនឹង Om ព្រមជាមួយសារយ៉ាងរំជួលចិត្តនៅលើបណ្តាញ IG ថា « គ្រប់ពេលដែលយើងជួបគ្នា ប្អូនតែងតែសួរបងរហូតថាតើពេលណាទើបយើងមានឱកាសបានសម្តែងរឿងជាមួយគ្នាទៀត ពេលនេះបងមកជូនដំណើរហើយណា ទៅឱ្យបានសុខណា »។
ដោយឡែក មហាជនអ្នកគាំទ្រឃើញបែបនេះហើយ កាន់តែស្រណោះមិនអស់អាល័យជាមួយនឹង Om ថែមទៀត ជាពិសេសគឺម្នាក់សន្យាថា នឹងចងចាំតួអង្គ Chanchay និង Wayu ដែលតួអង្គនៅក្នុងរឿង Prajun Lai Payak នៅក្នុងចិត្តរហូតតទៅផងដែរ៕