អ្នកផលិតរឿង BL «បញ្ចប់ពាក្យថាមិត្ត» ថារឿងនេះគ្មានអ្នកវិនិយោគសូម្បី ១ រៀល តែអាចយកបេះដូងអ្នកទស្សនាបាន
មួយរយៈថ្មីនេះ មហាជនអ្នកនិយមតាមដានរឿងភាគខ្លីៗលើបណ្ដាញសង្គមហ្វេសប៊ុក និង TikTok បានចាប់អារម្មណ៍ខ្លាំងចំពោះរឿងភាគខ្លីថ្មីមួយ ដែលជាប្រភេទរឿង BL ខ្មែរ ដោយរឿងនេះត្រូវបានគេដឹងថាមានការដឹកនាំសម្ដែងដោយផលិតករខ្មែរវ័យក្មេងមួយក្រុម។
រឿង BL ខ្មែរនេះ មានចំណងជើងថា «បញ្ចប់ពាក្យថាមិត្ត» ដោយបានចេញជាផ្លូវការថ្មីៗកន្លងទៅ ពិតជាឆក់បានការចាប់អារម្មណ៍ និង គាំទ្រខ្លាំងពីអ្នកទស្សនាជាមួយសាច់រឿងមួយនេះ ព្រមទាំងស្នាដៃសម្ដែងពីសំណាក់តារាប្រុសស្រីពន្លកថ្មីដ៏មានសមត្ថភាពជាច្រើនរូប។
ដោយឡែក ថ្មីៗនេះដែរ ស្របពេលមានការផ្ទុះវែកញែកខ្លាំងលើបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងរឿងរ៉ាវនៃការផលិតភាពយន្តខ្មែរនោះ ក៏បានឃើញអ្នកផលិតភាពយន្ត BL ខ្មែរ រឿង «បញ្ចប់ពាក្យថាមិត្ត» គឺលោក គិម វិសាល បានបង្ហោះរៀបរាប់ពីដំណើរការនៃការផលិតភាពយន្តភាគខ្លីរបស់ខ្លួនផងដែរ។
ការបង្ហោះនេះ លោក គិម វិសាល បានឱ្យដឹងថា ស្នាដៃភាពយន្ត BL ខ្មែរ «បញ្ចប់ពាក្យថាមិត្ត» នេះ ក្រុមផលិតរបស់លោកគឺផលិតដោយក្ដីស្រឡាញ់ ដ្បិតតែមិនមានការជួយឧបត្ថម្ភលើការផលិតសូម្បីតែ ១ រៀលមែន ប៉ុន្តែសាច់រឿងមួយនេះក៏នៅតែអាចឆក់បានបេះដូងអ្នកទស្សនាជាច្រើន។
ក្នុងនោះ លោក គិម វិសាល បានរៀបរាប់ថា ៖ «កុំថា 80000$ សូម្បីតែ 8$ ក៏ខ្ញុំមិនមានដើម្បីយកមកផលិតរឿងមួយនេះដែរ តែអាចយកបេះដូងអ្នកទស្សនាបាន ពិតជាអរគុណខ្លាំងណាស់សម្រាប់បងប្អូនទាំងអស់ដែលពេញចិត្ត និង គាំទ្រស្នាដៃមួយនេះ។ ទោះបីរឿងនេះអត់មាន Sponsor សូម្បីតែ ១ រៀលលុយខ្មែរ តែពួកយើងធ្វើឡើងដោយក្តីស្រលាញ់ចេញពីបេះដូង ត្រូវចំណាយពេលវេលា កម្លាំង លុយផ្ទាល់ខ្លួន និង លុយក្រុមការងារ ដើម្បីផលិតរឿងមួយនេះឡើង បើពេលនេះមិនបានអ្វីមកវិញក៏ដោយ តែយ៉ាងណាមិញ ក៏ពួកយើងទទួលបានការសរសើរពីបណ្តាអ្នកគាំទ្រថារឿងខ្មែរ BL មួយនេះមិនចាញ់រឿងគេឡើយ វាជាកម្លាំងចិត្ត ១ ដែលជំរុញឱ្យពួកយើងមានទឹកចិត្តក្នុងការផលិតរឿងថ្មីបន្តទៀត!។ ជាចុងក្រោយ សង្ឃឹមថាការខំប្រឹងរបស់យើងនឹងជោគជ័យនៅថ្ងៃណា ១ ហើយអ្នកទាំងអស់នៅតែបន្តគាំទ្រស្នាដៃរបស់ពួកយើង ដើម្បីវិស័យកុនខ្មែរក៏អាចឈានដល់ក្រៅប្រទេសផងដែរ ខ្មែរស្រលាញ់ខ្មែរ»៕