រ៉ាប៊ី ទើបទម្លាយថានាងជាតារាចម្រៀងឯករាជ្យ ក្រោយចាកចេញពីផលិតកម្មថោនស្ងាត់ៗជាង ២ ឆ្នាំ
មហាជនអ្នកគាំទ្រតារាចម្រៀងស្រីស្រស់សោភា រ៉ាប៊ី ច្បាស់ជាបានជ្រាបមកហើយ ពីការចាប់ផ្តើមលើវិស័យចម្រៀងរបស់នាងដំបូង គឺផ្តើមចេញពីផលិតកម្មថោនកាលពីអំឡុងឆ្នាំ ២០១៥។ ក្នុងនោះ រ៉ាប៊ី មិនត្រឹមតែជាតារាចម្រៀងស្រីទទួលបានប្រជាប្រិយភាពប៉ុណ្ណោះទេ តែនាងក៏បានចូលរួមសម្តែងភាពយន្ត និង ជាទូតសុឆន្ទៈក្រុមហ៊ុនជាច្រើន។
ជាការពិតណាស់ ចំណុច ដែលបានធ្វើឱ្យ រ៉ាប៊ី បានក្លាយទៅជាតារាចម្រៀងស្រីបំបុកទីផ្សារសិល្បៈកាន់តែខ្លាំង បន្ទាប់ពីនាងបាននិយមចេញបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ ជាមួយនឹងការបញ្ចេញក្បាច់រាំយ៉ាងរស់រវើកនោះ។
ដោយឡែក ថ្មីៗនេះ កញ្ញា រ៉ាប៊ី បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានទម្លាយថា នាងបានក្លាយទៅជាតារាចម្រៀងឯករាជ្រតាំងពីចេញបទ «ស្រារាំ» មកម្ល៉េះ ពោលគឺតាំងពីអំឡុងខែមីនា ឆ្នាំ ២០២២ មក។
ក្នុងនោះ កញ្ញា រ៉ាប៊ី បានរៀបរាប់ថា៖ «នាងខ្ញុំឃើញមាន fans គាត់បានសួរមក Channel Cambodia News Feed ជាច្រើន ថាអត់ឃើញចេញបទក្នុងផលិតកម្ម? ថ្ងៃនេះនាងខ្ញុំឆ្លើយបាន នាងខ្ញុំជាតារាឯករាជ្យ តាំងពីបទ (ស្រារាំ) មកម្ល៉េះ! គ្រាន់តែកាលៈទេសៈខ្លះ មិនអាចឆ្លើយភ្លាមៗបាន។ thank you all my beloved fans»៕