ចូលរួមសោកស្តាយ! លោកគ្រូភ្លេង ប៉ា សុធី អ្នកនិពន្ធបទ «ទឹកហូរ», «ជិះដំរីជាមួយនឹងបង» ទទួលមរណភាពហើយ
ថ្មីៗនេះ អ្នកនិយមស្តាប់បទចម្រៀងជំនាន់មុន ក៏ដូចជាសិល្បករ សិល្បការិនីជាច្រើនជំនាន់ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងសុខទុក្ខរបស់តារាចម្រៀងជំនាន់មុន ក៏ដូចជាអ្នកនិពន្ធទំនុកភ្លេង ទំនុកច្រៀង លោក ប៉ា សុធី កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។
មូលហេតុនៃការទទួលបានដំណឹងសុខទុក្ខរបស់លោកគ្រូ ប៉ា សុធី ដែលនៅក្នុងសិល្បៈគេស្គាល់ឈ្មោះថា លោក ឆៃ ឆាយា គឺបន្ទាប់ពីតារាចម្រៀង ដួង វីរៈសិទ្ធ បានបង្ហោះរូបភាពទៅសួរសុខទុក្ខលោកគ្រូនៅឯមន្ទីរពេទ្យ។ ក្នុងនោះ ក្រោយពីឃើញការបង្ហោះរបស់លោក ដួង វីរៈសិទ្ធ ហើយនោះ ក៏មានវត្តមានរបស់តារាស្រីពហុជំនាញ ខាត់ សុឃីម ក៏បានទៅសួរសុខទុក្ខលោកគ្រូនៅឯមន្ទីរពេទ្យជាបន្តផងដែរ។
យ៉ាងណាមិញ នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ នេះ តាមរយៈការបង្ហោះពីផេក Amazing Cambodia បានឱ្យដឹងថា លោកគ្រូ ប៉ា សុធី បានទទួលមរណភាពហើយ។ ក្នុងនោះដែរ មានមហាជន និង សិល្បករជាច្រើនបានចូលរួមរំលែកទុក្ខនៃការបាត់បង់លោកគ្រូជាបន្តបន្ទាប់ផងដែរ។
គួររំឭកថា លោកគ្រូ ប៉ា សុធី គឺជាតារាចម្រៀងជើងចាស់ និង ជាអ្នកនិពន្ធទំនុកភ្លេង ទំនុកច្រៀងមានឈ្មោះល្បីល្បាញមួយរូប ដោយឈ្មោះក្នុងវិស័យសិល្បៈរបស់លោកត្រូវបានគេស្គាល់ថា ឆៃ ឆាយា។ លោកគ្រូបាននិពន្ធបទចម្រៀងល្បីៗជាច្រើនកាលពីជំនាន់មុនដូចជាបទ «ម៉ាឌីសុន» បទ «នារី Sexy» បទ «រាត្រីរនោច» បទ «មួយរាត្រីនឹកតែអូន» បទ «ទឹកហូរ» បទ «ជិះដំរីជាមួយនឹងបង» និង បទចម្រៀងជាច្រើនរយបទទៀត៕